ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងកសិកម្ម ៖ នាងអំ ជាពូជស្រូវបុរាណកំពុងមានទីផ្សារល្អ ងាយស្រួលថែទាំ និងទទួលបានទិន្នផលខ្ពស់

ចែករំលែក៖

ភ្នំពេញ ៖ ស្រូវនាងអំ ជាពូជបុរាណដែលទំនងកើតពីមួរដែលដុះក្រោយពីប្រមូលផលស្រូវចម្ការរួច បានប្រមូលទុកពូជដោយ លោកយាយម្នាក់ឈ្មោះ អំ នៅកំឡុងទសវត្សទី៨០ ក្នុងខេត្តក្រចេះ។

អង្ករនាងអំ មានក្លិនក្រអូបប្រហើរនិងមានរស់ជាតិឆ្ងាញ់ក្រអួន ហើយមានទម្ងន់ធ្ងន់ជាងអង្ករនានា (ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ២០១៨)។ 

បើយោងតាមសម្តីលោកស្រី ឈឺន សុភាសី ម្ចាស់ហាងអង្ករស្រីមុំ៩៩ (Srey Mom99) កំពុងដាំដុះផ្ទាល់លើផ្ទៃដីជាង ២០០ហិកតា បានឱ្យដឹងថា ពូជស្រូវនេះអាចធ្វើបានតែម្តងគត់ក្នុងមួយឆ្នាំនៅរដូវវស្សា ហើយប្រមូលផលនៅចន្លោះពាក់កណ្តាលខែវិច្ឆិកា។ 

ក្រោយពីបានផ្សព្វផ្សាយនិងចែកចាយពូជនាងអំ អំឡុង ១០ឆ្នាំក្រោយពីបានរកឃើញពូជនេះស្រូវនាងអំត្រូវបានដាំដុះដោយកសិករក្នុងខេត្តព្រះវិហារ និងបានចែកចាយ ទៅខេត្តដទៃទៀតផងដែរ។ ស្រូវនាងអំនេះក៏ត្រូវបានយក ចិត្តទុកដាក់ដោយរដ្ឋាភិបាលផងដែរ និងនាំយកទៅពិសោធន៍និងបន្សុទ្ធពូជដោយស្ថានីយ៍ពិសោធន៍កសិកម្មព្រៃផ្តៅ នៃអគ្គនាយកដ្ឋានកសិកម្មនៅឆ្នាំ ២០១៩ (របាយការណ៍សកម្មភាពអនុវត្តការងារប្រចាំ ឆមាសទី១ ឆ្នាំ២០១៩)។ លើសពីនេះ ពូជស្រូវនាំងអំ ត្រូវបានណែនាំឱ្យដាំដុះដោយ លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអ្នកជំនួញស្រូវអង្ករល្បីឈ្មោះម្នាក់នៅកម្ពុជា ថាជាពូជស្រូវប្រណិត កំពុងមានទីផ្សារល្អ ងាយស្រួលថែទាំ និងទទួលបានទិន្នផលខ្ពស់។

បច្ចុប្បន្នស្រូវនាងអំ ត្រូវបានដាំដុះច្រើននៅក្នុងខេត្ត ព្រះវិហារ ហើយកសិករបានធ្វើកសិកម្មតាមកិច្ចសន្យាដោយផលិតស្រូវសរីរាង្គស្រូវស (ស្រូវនាងអំ និងនាងអុក) ផ្គត់ផ្គង់ទៅឱ្យក្រុមហ៊ុនចំនួន៣ គឺក្រុមហ៊ុន អេម រុរ៉ាយិ៍ (AMRU RICE) ក្រុមហ៊ុនស៊ិកនេឈ័រអហ្វអេស៊ា (SIGNATURE OF ASIA) និងក្រុមហ៊ុនហ្គោលឌិនរ៉ាយ (GOLDEN RICE) សរុបចំនួន ៦,៧៥៣,១៩០ គីឡូក្រាម ក្នុងតម្លៃស្រូវសើមចន្លោះពី ៩៦០រៀល ទៅ ១១០០រៀល ក្នុងមួយគីឡូក្រាម (CEN, 2021)៕

ដោយ៖ សូរិយា

 

 


ចែករំលែក៖