ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលអន្តរាគមន៍ក្នុងអង្គភាពនៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១សរុប៥០នាក់ បន្តចុះធ្វើការជួយរុះរើទុកដាក់សាលាវិទ្យាល័យថ្មពួកនិងផ្ទះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារផ្គររន្ទះ ខ្យល់កន្ត្រាក់នៅក្នុងស្រុកថ្មពួកនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣នេះ។
នគរបាលបានប្រាប់ថា ដោយអនុវត្តតាមការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បានចាត់ឱ្យលោកមេបញ្ជាការរងចំនួន០២រូប ដឹកនាំកម្លាំងនគរបាលអន្តរាគមន៍ក្នុងអង្គភាពនៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១សរុបចំនួន ៥០ នាក់បន្តចុះធ្វើការជួយរុះរើទុកដាក់សាលាវិទ្យាល័យថ្មពួកនឹងជួយជួសជុលសាងសង់សាលាសារជាថ្មីដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នៅស្រុកថ្មពួក ដែលបណ្តាលឲ្យរងការខូចខាតផ្ទះប្រជាពលរដ្ឋធ្ងន់និងស្រាលចំនួន២០០ខ្នង ក្នុងស្រុកថ្មពួក និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថាៈ កម្លាំងនគរបាលអន្តរាគមន៍ក្នុងអង្គភាពនៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ជានិច្ចកាល តែងតែយកចិត្តទុកដាក់ និង អនុវត្តតាមបទបញ្ជាថ្នាក់លេី ក្រៅពីចូលរួមទប់ស្កាត់ប្រជាពលរដ្ឋ ពលករ លួចឆ្លងដែនចេញចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនខ្មែរ-ថៃ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ កម្លាំងអន្តរាគមន៍វរសេនាតូចថ្មើរជើងលេខ៨៩១ក៏នៅតែបន្តការយកចិត្តទុកដាក់ចូលរួមសហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋានចុះជួយសង្គ្រោះប្រជាពលរដ្ឋជួបការលំបាកដែលទទួលរងគ្រោះមហន្តរាយផ្សេងៗដូចជា ខ្យល់ព្យុះកន្ត្រាក់ ទឹកជំនន់ ច្រូតស្រូវ។ល។ ជាប្រចាំទាំងនៅជួរមុខ និងនៅផ្នែកខាងក្រោយក្នុងភូមិសាស្រ្តទទួលខុសត្រូវ ៕
ដោយ ៖ វណ្ណា