ភ្នំពេញ៖ ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃចន្ទទី២៧ ខែមីនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ទុយយោឬបំពង់បឺតដែលគេនិយមប្រើប្រាស់ទៅលើភេសជ្ជៈគ្រប់ប្រភេទ គឺទុយយោប្លាស្ទិក ដោយសារតែវាសាមញ្ញ ងាយស្រួលប្រើប្រាស់ តម្លៃថោក និងរហ័ស ក៏ប៉ុន្តែទុយយោប្លាស្ទិកទំហំតូចៗទាំងនេះបានបង្កទៅជាផលវិបាកដ៏ធំធេងសម្រាប់បរិស្ថានទាំងមូល។
ក្រសួងបរិស្ថានបានឱ្យដឹងទៀតថា ទុយយោប្លាស្ទិក ដែលគេតែងយល់ថាគ្មានអ្វីធំដុំនោះបានក្លាយទៅជាសំណល់ ៨,៣ ពាន់លានដើមកំពុងតែបំពុលឆ្នេរសមុទ្រនានានៅក្នុងពិភពលោក។ នេះបើតាមការចុះផ្សាយរបស់ National Geographic តាំងពីចុងឆ្នាំ២០១៩។ លើសពីនេះ ភាពស្រាល តូច និងទន់របស់វានេះបានធ្វើឱ្យម៉ាស៊ីនញែកកាកសំណល់មួយចំនួនពិបាកក្នុងការញែកវាចេញពីកាកសំណល់រឹងៗដទៃទៀត។
ទោះយ៉ាងណា នាប៉ុន្មានឆ្នាំចុងក្រោយនេះផលប៉ះពាល់នៃទុយយោប្លាស្ទិកនេះកំពុងទទួលបានការចាប់អារម្មណ៍ និងកត់សម្គាល់ច្រើនគួរសមទាំងនៅបរទេស និងនៅកម្ពុជា ដោយភោជនីយដ្ឋាន ឬហាងកាហ្វេមួយចំនួនបានផ្លាស់ប្តូរពីទម្លាប់ប្រើប្រាស់ទុយយោប្លាស្ទិកមកជាទុយយោដែលមានការច្នៃពីក្រដាសឬធនធានធម្មជាតិនានា ខណៈដែលសិប្បកម្មកែច្នៃទុយយោបរិស្ថានក៏ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ផងដែរ។
ជាក់ស្តែង សិប្បកម្មមួយឈ្មោះថា អាទិករ បានផលិតបំពង់បឺតមេត្រីបរិស្ថាន ផលិតពីស្មៅចចូតដែលជាវត្ថុធាតុដើមធម្មជាតិនៅក្នុងស្រុកដែលរកបានមកពីតាមបណ្តាខេត្តមួយចំនួនដូចជា ក្រុងព្រះសីហនុ កោះកុង ជាដើម៕
ដោយ៖សហការី