ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន លើកទឹកចិត្ត​ និងជំរុញដល់មន្ត្រីសុខាភិបាល​ អាជ្ញាធរ​ និងមន្ត្រីពាក់ព័ន្ធ​ ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការអប់រំផ្សព្វផ្សាយ ការពារសុខភាព​ និងបន្តចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញជូនប្រជាជន​

ចែករំលែក៖

ខេត្ត​បាត់ដំបង៖​ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានលើកទឹកចិត្ត​ និងជំរុញដល់មន្ត្រីសុខាភិបាល​ អាជ្ញាធរ​ និងមន្ត្រីពាក់ព័ន្ធ​ ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការអប់រំ ផ្សព្វផ្សាយ ក្នុងការការពារសុខភាព​ និងបន្តចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញជូនប្រជាជន​ ដេីម្បីរក្សាបាននិរន្តរភាពនៃដំណេីរការសេដ្ឋកិច្ច-សង្គ​ម​ ជម្រុញកំណេីនសេដ្ឋកិច្ចគ្រួសារ​ និងសេដ្ឋកិច្ចជាតិ​។ 

ការលេីកឡេីងបែបនេះ​ ត្រូវបានធ្វេីឡេីងក្នុងពេលដែលលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក ១៩) បានអញ្ជើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនៅខេត្តចំនួន០៣ ចាប់ពីថ្ងៃទី៣១​ ខែមីនា​ រហូតដល់​ថ្ងៃ​ទី​០៣​ ខែមេសា​ ឆ្នាំ​២០២៣​ រួមមានខេត្តបន្ទាយមានជ័យដែលមានទីតាំង សាកលវិទ្យាល័យជាតិមានជ័យ រោងចក្រ ធី ខេ ហ្កាមេន ផ្សារមង្គលបូរី,​ ខេត្តប៉ៃលិនមានដូចជា កាស៊ីណូម្កុដពេជ្រ កាស៊ីណូហ្គ្រែន វិទ្យាល័យទេពនិមិត្ត និងខេត្តបាត់ដំបងរួមមានទីតាំងដូចជា អនុវិទ្យាល័យស្វាយស ផ្សារណាត់ មណ្ឌលសុខភាពជ្រៃ​ កាលពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ។ 

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានជំរុញដល់មន្ត្រីសុខាភិបាលអាជ្ញារធរ​ និងមន្ត្រីពាក់ព័ន្ធដើម្បីបន្តការខិតខំប្រឹងប្រែងអនុវត្តការងារចាក់វ៉ាក់សាំងបង្ការជំងឺ-១៩ ជូនដល់ប្រជាពលរដ្ឋ ព្រមទាំងបានធ្វេីការអំពាវនាវដល់ប្រជាពលរដ្ឋ​ ឱ្យអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នាទាំងដូសមូលដ្ឋាន​ និងដូសជំរុញ ដើម្បីពង្រឹងភាពស៊ាំបុគ្គល​ និងភាពស៊ាំសហគមន៍មានភាពរឹងមាំ​ ដែលជាមូលហេតុធ្វើឲ្យលំហនៃការរីករាលដាលនៃជំងឺកូវីដ-១៩ កាន់តែរួមតូចទៅៗ​ រហូតដល់គ្មានប្រឡោះសម្រាប់វីរុសកូវីដ-១៩​ ផ្ទុះឡេីងវិញបាននោះឡេីយ។ ក្រុមវ័យចាស់​ ស្រ្តីមានផ្ទៃពោះ​ អ្នកដែលមានជំងឺប្រចាំកាយ​ និងបុគ្គលដែលមានភាពស៊ាំចុះខ្សោយ ត្រូវបន្តយកចិត្តទុកដាក់ថែទាំសុខភាពខ្លួន​ និងត្រូវទទួលបានការផ្តល់វ៉ាក់សាំងកូវីដ-១៩​ ឱ្យបានគ្រប់ចំនួនដូសផងដែរ។ 

លោកស្រីវេជ្ជបណ្ឌិតរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ក្នុងនាមក្រសួងសុខាភិបាលបានកោតសរសើរ​ មន្ត្រីសុខាភិបាល​ អាជ្ញាធរគ្រប់លំដាប់ថ្នាក់​ ភាគីពាក់ព័ន្ធ​ទាំងអស់ និងអបអរសាទរចំពោះលទ្ធផលការងារចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋទូទៅដែលរស់នៅក្នុងប្រទេសកម្ពុជាបានជោគជ័យ​ រហូតបានបេីកដំណេីរការប្រទេសឡេីងវិញ​ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ​ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។បន្ថែមលើនេះ លោកជំទាវបានសង្កត់ធ្ងន់ថា​ ប្រសិនបើថ្នាក់ដឹកនាំ​ និងមន្ត្រីពាក់ព័ន្ធទាំងអស់ខិតខំអនុវត្តទៅតាមទិសដៅដែលបានដាក់ចេញ ប្រាកដណាស់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពោល​ គឺការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា​ នឹងទទួលបានលទ្ធផលកាន់តែល្អប្រសេីរឡេីងៗ​ ក្នុងទិសដៅធានាបាននូវសន្តិសុខ​ និងសុវត្ថិភាព​សុខភាពធារណ:​ ការពារមិនឱ្យមានការផ្ទុះឡេីងវិញនូវការឆ្លងរាលដាលវីរុសកូវីដ-១៩​ ដូចដែលយេីងកំពុងទទួលបានការរស់នៅជាធម្មតាក្នុងប្រក្រតីភាពថ្មីនាពេលសព្វថ្ងៃនេះអញ្ចឹងឯង។ 

ថ្វីត្បិតរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ​ ហ៊ុន​ សែន​ ជាប្រមុខ​ គឺមានឆន្ទៈនយោបាយ និងការប្ដេជ្ញាចិត្តច្បាស់លាស់នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ធ្វើឲ្យកម្ពុជានាពេលបច្ចុប្បន្ន​ អាចគ្រប់គ្រងស្ថានភាពបានល្អ និងបន្តរស់នៅជាមួយវត្តមានវីរុសកូវីដ-១៩ ព្រមទាំងអាចបើកដំណេីរការសង្គម និងសេដ្ឋកិច្ចបានយ៉ាងពេញលេញឡើងវិញ តែយេីងទាំងអស់គ្នាមិនត្រូវភ្លេចខ្លួន​ និងសូមកុំជឿតាមការផ្សាយព័ត៍មានមិនត្រឹមត្រូវពីវ៉ាក់សាំងកូវីដ-១៩​ ឫការបកប្រែមិនត្រឹមត្រូវតាមលក្ខណ:បច្ចេកទេស​ និងសេចក្តីណែនាំនានានៃការចាក់វ៉ាក់សាំង​កូវីដ-១៩ របស់អង្គការសុខភាពពិភពលោក​នាពេលថ្មីៗនេះ។   យេីងត្រូវបន្តការយកចិត្តទុកដាក់អនុវត្តជាប្រចាំ​ និងប្រកបដោយប្រសិទ្ធភាពនូវការការពារខ្លួនពីជំងឺនានាក្នុងនោះក័មានជំងឺកូវីដ-១៩​ ផងដែរ​ ត្បិតការងារការពារសុខភាព​ គឺជាការទទួលខុសត្រូវ​ និងត្រូវមានការចូលរួមពីបុគ្គល​ ពីក្រុមគ្រួសារ​ និងពីសហគមន៍ ពិសេសការចូលរួមក្នុងការផ្សព្វផ្សាយនូវព័ត៍មានត្រឹមត្រូវលេីការការពារសុខភាព​ និងលេីការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។  ការផ្សព្វផ្សាយព័ត៍មានមិនពិត​ ព័ត៍មានមិនត្រឹមត្រូវ​ ឫព័ត៍មានប្រឌិត​ ណាមួយ​ នឹងអាចនាំមកនូវមហន្តរាយសុខភាពសាធារណ:​ ដែលយេីងទាំងអស់គ្នាត្រូវតែនាំគ្នាចៀសវាង​ និងរួមគ្នាបំបាត់នូវទង្វេីអសកម្មបែបនេះ​ ដេីម្បីសេចក្តីសុខ​ សន្តិសុខ​ និងសុវត្ថិភាព​សុខភាពសាធារណ​:​ និងការរស់នៅជាប្រក្រតីធម្មតារបស់យេីងទាំងអស់គ្នា៕

ដោយ៖សហការី​


ចែករំលែក៖