ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកម៉ូតូបញ្រ្ចាសផ្លូវទៅបុករថយន្តកូរ៉េ បណ្តាលឱ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ខណៈបើកម៉ូតូលឿនបញ្ច្រាសផ្លូវ ជ្រុលទៅបុករថយន្តកូរ៉េចំពីមុខពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោង ៩និង ៣០នាទីយប់ថ្ងៃទី ០៨ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៧០ ក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកូរ៉េពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ2D-5487 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៧០ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់ បើកម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1AF-6403 ជិះតាមបណ្ដោយផ្លូវលេខ៧០ ក្នុងទិសដៅពីកើតមកលិចយ៉ាងលឿន បញ្រ្ចាសផ្លូវទៅបុកចំពីមុខរថយន្តកូរ៉េយ៉ាងពេញទំហឹង បណ្ដាលឲ្យបោកក្បាលផ្ទប់និងកញ្ចក់រថយន្តរងរបួសធ្ងន់ ត្រូវបានពលរដ្ឋទាក់ទង ទៅរថយន្តសាមុយ ឲ្យដឹកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ចំណែកឯអ្នកបើកបររថយន្តត្រូវបានឃាត់ឲ្យនៅកន្លែងកើតហេតុ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ឲ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុយករថយន្តនឹងម៉ូតូ ទៅរក្សាទុករង់ចាំឲ្យភាគីទាំងសងខាង ចូលខ្លួនដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖