សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៩ ខែមេសា ឆ្នាំ២០២៣បានដកស្រង់ពីប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចិនដែលបានរាយការណ៍ថា នៅថ្ងៃអាទិត្យនេះ ដែលជាថ្ងៃទី២នៃការធ្វើសមយុទ្ធហៅថាJoint Sword គឺយោធាចិនបានផ្តោតទៅលើ ការហាត់សមវាយប្រហារប្រឆាំងគោលដៅសំខាន់ៗនៅកោះតៃវ៉ាន់ហើយនិងដែនទឹកជុំវិញនោះ។
ទូរទស្សន៍រដ្ឋចិន CCTV បាននិយាយថា កងទ័ពអាកាសចិនបានចល័តយន្តហោះយោធារាប់សិបគ្រឿងឱ្យធ្វើដំណើរឆ្ពោះទៅរកតំបន់ដែនអាកាសរបស់គោលដៅ ខណៈដែលកងកម្លាំងជើងគោកបានហ្វឹកហាត់សម្រាប់ការវាយប្រហារលើទីតាំងគោលដៅច្រើនក្នុងពេលព្រមគ្នា ហើយដោយភាពច្បាស់លាស់ខ្ពស់។ ខាងសហរដ្ឋអាមេរិក ដែលជាខ្នងបង្អែកធំបំផុតរបស់តៃវ៉ាន់ឯណោះវិញបាននិយាយថា ខ្លួនកំពុងតែឃ្លាំមើលសកម្មភាពរបស់យោធាចិនយ៉ាងដិតដល់ជាទីបំផុត។
ចិនបានចាប់ផ្តើមសមយុទ្ធយោធាខាងលើកាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ពោលគឺមួយថ្ងៃបន្ទាប់ពីមេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន បានត្រឡប់មកពីបំពេញដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃ នៅតំបន់អាមេរិកកណ្តាល រួមនឹងសហរដ្ឋអាមេរិកដែលជាទីលោកស្រីបានជួបជាមួយប្រធានសភាតំណាងរាស្រ្តអាមេរិក លោក ខេវិន ម៉ាកខាធី។ ទីក្រុងប៉េកាំងដែលចាត់ទុកតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ប្រទេសចិនបានព្រមានយ៉ាងទទូចកុំឱ្យលោកស្រី សៃ ជួប លោក ម៉ាកខាធី៕ ដោយ៖ ធីរីណា
រូបថត ៖ Reuters