ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទទី១៧ ខែមេសា ឆ្នាំ២០២៣នេះ យេីងសង្កេតឃេីញថា ក្រោយបុណ្យចូលឆ្នាំថ្មី ឆ្នាំថោះ ២០២៣ ត្រូវបានបញ្ចប់ប្រជាពលរដ្ឋ ក្មេង ចាស់ បានធ្វើដំណើរចេញពីស្រុកកំណើត ចូលមកកាន់រាជធានីភ្នំពេញ ទាំងកី្តសប្បាយរីករាយ។
សូមជម្រាបជូនថា ក្រោយបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ រយៈពេល០៣ថ្ងៃ ក្រោមម្លប់សន្តិភាពនេះ ប្រជាពលរដ្ឋ បានធ្វើដំណើរចាក់ចេញពីស្រុកកំណើតរៀងៗខ្លួន ដើម្បីមកកាន់រាជធានីភ្នំពេញ ក្នុងនោះមានប្រជាពលរដ្ឋមកពីខេត្តព្រៃវែង ខេត្តស្វាយរៀង និងមកពីបណ្តាខេត្តផ្សេងទៀត ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ០១ បានបង្ហាញក្ដីរីករាយនិយាយរៀបរាប់ថា ក្នុងពិធីបុណ្យចូលឆ្នាំថ្មី រយៈពេល០៣ថ្ងៃចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣ ពិតជាសប្បាយរីករាយ ពួកគាត់បានជួបជុំគ្រួសារ ពុក ម៉ែ បងប្អូន និងទៅលេខកម្សាន្តតាមរមណីយដ្ឋាននានា ដែលអាជ្ញាធរខេត្តបានរៀបចំមហាសង្ក្រាន្តតាមទីវត្តអារាម និងទីតាំងផ្សេងៗ។
បេីតាមមន្រី្តនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ឈរជើងប្រចាំការ និងសម្រួលចរាចរណ៍ នៅគោលដៅភ្លើងស្តុប ច្រកថៃហ្គ័រ បានឱ្យដឹងថា ក្រោយពីបុណ្យចូលឆ្នាំថ្មី រួចរាល់ហើយ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ នៅឈរជើងចាំជួយសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ ចាប់ពីម៉ោង៧ព្រឹកកុំឲ្យមានការកកស្ទះចរាចរណ៍ ទាំងទៅ ទាំងមក ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលវិលមកកាន់រាជធានីភ្នំពេញ។
ជាមួយគ្នានេះ មន្រ្តីនគរបាលចរាចរណ៍រូបនេះ ក៏បានអំពាវនាវជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស ដែលធ្វើដំណើរតាមដងផ្លូវ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ប្រកបដោយសុវតិ្ថភាព និងកុំឱ្យកេីតមានគ្រោះថ្នាក់ចរាចរណ៍៕
ដោយ៖សហការី