ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងរយៈពេល​៣ថ្ងៃ​នាឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ ខេត្ត​កោះកុង​ ទទួលបាន​ភ្ញៀវ​ទេសចរ១ម៉ឺន៦ពាន់នាក់ មកលេងកម្សាន្ត​ ,បើធៀប​នឹងឆ្នាំទៅថយ​ចុះ ៥៧%

ចែករំលែក៖

ខេត្តកោះកុង៖ បើតាមការបញ្ជាក់ពីប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង លោក សុខ ចាន់គ្រឹះស្នា បានឱ្យដឹងនៅព្រឹក​ថ្ងៃចន្ទ​ទី​១៧​ ខែមេសា​ ឆ្នាំ​២០២៣នេះថា៖​ ខេត្តកោះកុង បានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ១ម៉ឺន៦ពាន់នាក់ អំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ។ តួលេខទេសចរនៅពេលនេះ បានថយចុះជាង២ម៉ឺននាក់ បើធៀបនឹងឆ្នាំទៅ។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានគូសបញ្ជាក់ថា​ ​ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ៣ថ្ងៃ មានទេសចរជាតិសរុប ១ម៉ឺន៥.៩៨០នាក់ រីឯទេសចរបរទេសមានចំនួន ៣២៦នាក់ សរុបទាំង១ម៉ឺន៦ពាន់នាក់ ដែល​បានមកលេងកម្សាន្តនៅក្នុងខេត្តកោះកុង។

ទោះយ៉ាងណាមន្រ្តីជំនាញអះអាងថា តួលេខចំនួនអ្នកទេសចរបានថយថយ ២ម៉ឺន២.៤៩៨នាក់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ​ការដែលនាំឱ្យចំនួនអ្នកទេសចរថយចុះបែបនេះ ដោយសារតែកំណាត់ផ្លូវជាតិលេខ៤៨ ​កំពុងស្ថិតនៅក្នុងដំណាក់កាលបើកការដ្ឋានស្ថាបនាថ្មី។

លោកប្រធាន​មន្ទីរ​ខេត្ត​រូបនេះ​ បានថ្លែងបន្តថា​ សេវាកម្មដឹកអ្នកដំណើរ ភោជនីយដ្ឋាន អាហារដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់មួយចំនួនបានដំឡើងថ្លៃ តែក៏មានការយល់ព្រមទទួល​យក​សេវា​កម្មពី​ភ្ញៀង​ទេសចរផងដែរ។

ក្រុមអ្នកទេសចរមកពីរាជធានីភ្នំពេញ និងពលរដ្ឋរស់នៅក្នុងក្រុងខេមរភូមិន្ទ សុទ្ធតែបានលើកឡើង​ពី​បញ្ហាសន្តិសុខសណ្តាប់ធ្នាប់ល្អ ពិសេសការរៀបចំកម្មវិធីសប្បាយជាច្រើនប្លែកជាងបណ្តាឆ្នាំមុន។

ជាមួយគ្នានេះ​ បើតាមស្នងការនគរបាលខេត្តកោះកុង​ លោកឧត្តមសេនីយ៍ទោ គង់ មនោ ក៏បង្ហាញដែរថា បញ្ហា​សន្តិសុខសណ្តាប់ធ្នាប់អំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ ​៣ថ្ងៃនេះ ប្រព្រឹត្តទៅដោយភាព​ល្អ​ប្រសើរនោះទេ ពោលគឺគ្រាន់តែមានបញ្ហាគ្រោះថ្នាក់​ចរាចរណ៍ចំនួន៣ករណី ព្រោះតែខ្វះការ​ប្រុង​ប្រយ័ត្នប៉ុណ្ណោះ។

លោកឧត្តមសេនីយ៍ទោ គង់ មនោ បន្ថែមថា​ កងកម្លាំងរបស់លោក និងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ​បានគ្រប់គ្រងស្ថានការណ៍បានរលូន ​និងយកចិត្តទុកដាក់ខ្ពស់លើការងារ​ថែរក្សាការពារ​សន្តិសុខ​សុវត្ថិភាពជូនប្រជាពលរដ្ឋ និងអ្នកទេសចរដែលមកលេងកម្សាន្តនៅកន្លែងប្រារព្ធកម្មវិធីសប្បាយៗ និងតំបន់ទេសចរណ៍ដ៏ទៃទៀត៕

ដោយ​៖ សហការី​


ចែករំលែក៖