ព័ត៌មានទាន់ហេតុការណ៍៖

អណ្តូងទឹកស្អាត​ជាច្រេីន​ ដែលជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមសម្តេចព្រះមហាក្សត្រី​ ព្រះវររាជមាតាជាតិខ្មែរ​ បាននឹងកំពុងបន្តខួងរៀបចំប្រទានជូនប្រជារាស្ត្ររស់នៅតាមបណ្តាមូលដ្ឋានតំបន់ឆ្ងាយដាច់ស្រយាលជួបគ្រោះរាំងស្ងួតនៅរដូវប្រាំង​ ខ្វះទឹកប្រេីប្រាស់

ចែករំលែក៖

ភ្នំពេញ ៖ អណ្តូងទឹកស្អាត​ជាច្រេីន​ ដែលជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមសម្តេចព្រះមហាក្សត្រី​ ព្រះវររាជមាតាជាតិខ្មែរ​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា​ តាមរយៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បាននឹងកំពុងបន្តខួងរៀបចំប្រទានជូនប្រជារាស្ត្ររស់នៅតាមបណ្តាមូលដ្ឋានតំបន់ឆ្ងាយដាច់ស្រយាលជួបគ្រោះរីងរាំងស្ងួតនៅរដូវប្រាំង​ ខ្វះទឹកប្រេីប្រាស់។ នេះបើយោងតាមការបញ្ជាក់ពីលោក ជិន ប៊ុនធឿន នាយករង រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។ 

សម្តេចព្រះមហាក្សត្រី​ ព្រះវររាជមាតាជាតិខ្មែរ​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងព្រះករុណា ព្រះមហាក្សត្រកម្ពុជា តែងតែប្រោសប្រទានព្រះរាជទ្រព្យដល់កាកបាទក្រហមកម្ពុជា ជារៀងរាល់ខែ ត្រីមាស ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា និងក្នុងឱកាសផ្សេងៗដែលជាការបន្តទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន។ 

ប្រជាពលរដ្ឋបានសម្តែងនូវភាពសប្បាយរីករាយ និងមានកិត្តិយសដ៏ឧត្តុង្គឧត្តមក្រៃលែង ដោយបានទទួលនូវសមិទ្ធផល ដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ សម្តេចព្រះមហាក្សត្រី​ ព្រះវររាជមាតាជាតិខ្មែរ​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា​ និងបានប្តេជ្ញាចិត្តខ្ពស់ក្នុងការថែរក្សា នូវព្រះរាជអំណោយទាំងអស់នេះ ប្រើប្រាស់ឱ្យបានគង់វង់យូរអង្វែង និងសូមថ្វាយនូវអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុត ថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ ដល់ប្រជារាស្ត្រនៅទូទាំងកម្ពុជា ៕

ដោយ ៖ សហការី


ចែករំលែក៖