ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយថ្ងៃឈប់សម្រាកចូលឆ្នាំ ថៃ បារម្ភពីការកើនឡើងករណីឆ្លងកូវីដ-១៩

ចែករំលែក៖

សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣ អ្នកនាំពាក្យរដ្ឋាភិបាលស្តីទី លោក អានូចា បួរ៉ាផាឆៃស្រ៉ី (Anucha Burapachaisri) និយាយថា នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) បានសម្តែងការព្រួយបារម្ភអំពីការកើនឡើងនៃករណីឆ្លងកូវី-១៩ ហើយបានជំរុញឲ្យក្រុមមនុស្សដែលងាយរងគ្រោះទៅចាក់វ៉ាក់សាំង។
លោក អានូចា បានគូសបញ្ជាក់ថា «លោកនាយករដ្ឋមន្ត្រីបាននិងកំពុងតាមដានស្ថានការណ៍នៃជំងឺរាតត្បាតកូវីដ-១៩ ហើយបញ្ជាឲ្យក្រសួងសុខាភិបាលបន្តវាយតម្លៃលើស្ថានភាព ក៏ដូចជាតាមដានយ៉ាងដិតដល់នូវការរីករាលដាលកូវីដ-១៩បំប្លែងខ្លួនប្រភេទ XBB.1.16»។
ទិន្នន័យពីនាយកដ្ឋានគ្រប់គ្រងជំងឺ (DDC) របស់ប្រទេសថៃ បានបង្ហាញពីការកើនឡើងនៃករណីឆ្លងកូវីដ-១៩ ក្នុងអំឡុងពេល និងបន្ទាប់ពីថ្ងៃឈប់សម្រាកបុណ្យសង្ក្រាន្តរយៈពេលយូរកាលពីពីរសប្តាហ៍មុន។ នៅចន្លោះថ្ងៃទី៩ និងថ្ងៃទី១៥ ខែមេសា នាយកដ្ឋានបានរាយការណ៍ពីករណីថ្មីចំនួន ៤៣៥ មុនពេលកើនឡើងដល់ ១,០៨៨ករណីនៅសប្តាហ៍បន្ទាប់។ បើតាមលោក អានូចា ការរីករាលដាលគឺនៅក្នុងទីក្រុងធំៗដែលមានដង់ស៊ីតេប្រជាជនខ្ពស់ដូចជា បាងកក ភូកេត ឈៀងម៉ៃ និងឈុនបុរី ដែលភាគច្រើនជាការឆ្លងក្នុងចំណោមក្រុមគ្រួសារ និងការជួបជុំទ្រង់ទ្រាយធំ។
ក្រសួងសុខាភិបាលថៃរំពឹងថា ការរីករាលដាលនៃជំងឺកូវីដ-១៩ នឹងកើតមានឡើងនៅរដូវវស្សា។ ក្រសួងក៏បានពិនិត្យឡើងវិញនូវសេចក្តីណែនាំរបស់ខ្លួនលើការចាក់វ៉ាក់សាំង ដោយបានកំណត់ឲ្យក្លាយជាការអនុវត្តប្រចាំឆ្នាំ។ ក្នុងប្រទេសថៃ មនុស្សត្រូវបានណែនាំឲ្យចាក់វ៉ាក់សាំងឲ្យបានម្តងក្នុងមួយឆ្នាំ និងយ៉ាងតិច ៣ខែបន្ទាប់ពីការចាក់វ៉ាក់សាំងលើកមុន ឬក្រោយពីឆ្លងកូវីដ១៩៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ vtc.vn)


ចែករំលែក៖