ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានផ្ញើព្រះរាជសារលិខិតអបអរសាទរចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាដែលទទួលបានគោរមងារជា «ពុទ្ធមាមកាភិបាល» ពីអង្គការពុទ្ធសាសនិកពិភពលោក និងសញ្ញាបត្របណ្ឌិត កិត្តិយសផ្នែក «មនុស្សសាស្ត្រ» ពីសាកលវិទ្យាល័យណេហ្គរី ប៉ាដាង នៃប្រទេសឥណ្ឌូណេស៊ី នាថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣។
ព្រះមហាក្សត្រទ្រង់មានព្រះបន្ទូលថា៖ «ខ្ញុំសូមអបអរសាទរ ចំពោះព័ត៌មានដ៏ល្អប្រពៃខាងលើនេះ និងសូមកោតសរសើរដ៏កក់ក្តៅ ជាទីបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ដែលជាមេដឹកនាំទទួលខុសត្រូវខ្ពស់លើជោគ វាសនាជាតិ មានគុណបំណាច់ដ៏ធំធេងប្រកបដោយវីរភាពដ៏ខ្ពង់ខ្ពស់»។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះបន្ទូលថា សម្តេចតេជោ ហ៊ុន សែន ពិតជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើម ប៉ិនប្រសប់ និងឈ្លាសវៃ ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានស្ថិរភាពសង្គម មានការអភិវឌ្ឍជាតិលើគ្រប់វិស័យ ដែលជាប្រការនាំឱ្យប្រជារាស្ត្រទទួលបានសេចក្តីសុខសន្តិភាព។
ព្រះមហាក្សត្រទ្រង់មានព្រះបន្ទូលថា៖«ខ្ញុំសូមប្រសិទ្ធពរ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង ក្រុមគ្រួសារ សូមទទួលបាននូវមហាជោគជ័យថ្មីៗថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង ឃ្លាតឡើយ»។
សមាជិកក្រុមប្រឹក្សាភិបាលអង្គការពុទ្ធសានាពិភពលោកបានសម្រេចផ្ដល់គោរមងារ «ពុទ្ធមាមកាភិបាល» ជូនដល់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដោយសារការលះបង់របស់សម្ដេចចំពោះជាតិ ប្រជាជន និងពុទ្ធសាសនានៅកម្ពុជា។
«ពុទ្ធមាមកាភិបាល» គឺជាគោរមងារ ដែលត្រូវបានផ្ដល់ជូនថ្នាក់ដឹកនាំកំពូលទាំងក្នុងអាណាចក្រ និងថ្នាក់ដឹកនាំពុទ្ធចក្រដែលជាអ្នកគ្រប់គ្រងថែរក្សា គោរពប្រតិបត្តិ ឧបត្ថមទ្រទ្រង់ និងលើកតម្កើនតម្លៃព្រះពុទ្ធសាសនា ប្រកបដោយសទ្ធាជ្រះថ្លា ខ្ពង់ខ្ពស់ និងឧត្ដុងឧត្តម តាមរយៈព្រះពុទ្ធសាសនានានា រួមទាំងសកម្មភាពរបស់អង្គការពុទ្ធសាសនិកពិភពលោក។
នាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នេះជាការកិត្តិយសមិនត្រឹមតែសម្រាប់សម្ដេចប៉ុណ្ណោះទេ តែជាកិត្តិយសសម្រាប់ជាតិខ្មែរទាំងមូលដែលជាអ្នកកាន់ព្រះពុទ្ធសាសនា មានសន្ដិភាព និងការអភិវឌ្ឍន៍ និងសន្តិសហវិជ្ជមានប្រកបដោយសុខដុមរមនីយរបស់មនុស្សជាតិ។
បច្ចុប្បន្នមានព្រះមហាក្សត្រ និងថ្នាក់ដឹកនាំប្រទេសដែលកាន់ព្រះពុទ្ធសាសនាចំនួន ៨អង្គ និងរូបរួចហើយដែលទទួលគោរមងារនេះរួមមាន សម្ដេចសង្ឃរាជនៃព្រះរាជាណាចក្រថៃ ព្រះមហាថេរមហានាយកនៃសាធារណរដ្ឋស្រីលង្កា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ ប្រធានាធិបតីនៃប្រទេសនេប៉ាល់ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា ប្រធានាធិបតីនៃសាធារណរដ្ឋស្រីលង្កា នាយករដ្ឋមន្ត្រីប្រទេសថៃ និងប្រធានសហព័ន្ធពុទ្ធសាសនិកជប៉ុន។
សូមបញ្ជាក់ថា, សញ្ញាបត្របណ្ឌិតកិត្តិយស «មនុស្សសាស្ត្រ និងសាមគ្គីភាព» ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី ទទួលបានដោយសាកលវិទ្យាល័យណេហ្គរី ប៉ាដាង របស់ប្រទេសឥណ្ឌូនេស៊ីនៅពេលនេះ ដោយយោងទៅលើហេតុផលមួយចំនួនដូចខាងក្រោម៖
១៖ សម្តេចតេជោ ហ៊ុន សែន បានលះបង់ពេញមួយជីវិតដើម្បីរំដោះប្រជាជនកម្ពុជាចេញពីយុគសម័យដ៏ខ្មៅងងឹតក្នុងអំឡុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដោយសម្រេចបាននូវសន្តិភាព និងការបង្រួបបង្រួមជាតិធានាបាននូវការផ្លាស់ប្តូរ និងការអភិវឌ្ឍន៍ជាបន្តបន្ទាប់នៅកម្ពុជា និងបានលើកកម្ពស់មុខមាត់ប្រទេសកម្ពុជា ត្រឡប់ទៅកាន់ឆាកសាកលលោកវិញ។
សម្តេចតេជោ បានធ្វើឱ្យមាននូវការស្តារឡើងវិញនូវរបបរាជានិយមនៅកម្ពុជា ប្រកបដោយជោគជ័យ និងការរស់រានមានជីវិតឡើងវិញនៃព្រះពុទ្ធសាសនារួមជាមួយកម្មវិធីកសាងស្តារប្រទេសជាតិយ៉ាងមមាញឹក ដូចជាការស្តារ និងកសាងប្រទេសឡើងវិញក្រោយសង្គ្រាម និងសមាហរណកម្មប្រទេសជាតិចូលទៅក្នុងតំបន់ និងសកលលោក និងបានអនុញ្ញាតឱ្យទទួលបាននូវសេរីភាពគ្រប់បែបយ៉ាង និងតម្លៃប្រជាធិបតេយ្យរីកចម្រើនរហូតមកដល់ពេលបច្ចុប្បន្ន គោលនយោបាយឈ្នះ-ឈ្នះ ដ៏ល្បីល្បាញរបស់សម្តេចតេជោ គឺពិតជាមានពន្លឺភ្លឺស្វាង និងបានផ្តល់ទុកជាមេរៀន នៃភាពជាអ្នកដឹកនាំក្នុងការកសាងនូវសន្តិភាពឡើងវិញ។
២៖ តាមរយៈនៃការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី សម្តេចបានពង្រឹងអភិបាលកិច្ចតាមរយៈនៃការធ្វើកំណែទម្រង់ប្រកបដោយជោគជ័យ និងផ្លែផ្កាជាច្រើនជាមួយនោះ សម្តេចបានផ្តល់ជាកម្លាំងចលកថ្មី ដល់គោលនយោបាយលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ យុត្តិធម៌សង្គម និងសេដ្ឋកិច្ចដោយទទួលបានឱកាសស្មើភាពគ្នាសម្រាប់ប្រជាជនកម្ពុជា។
អ្វីដែលគួរឱ្យកត់សម្គាល់នោះ សម្តេចតេជោបានបង្ហាញឱ្យឃើញថា សន្តិភាពអាចសម្រេចទៅបានគឺតាមរយៈនៃមធ្យោបាយសន្តិវិធីដូចជាការចរចា ដោយបើកចំហរួមបញ្ចូល និងគោលនយោបាយឈ្នះ-ឈ្នះ និងតាមរយៈនៃភាពជាម្ចាស់នៃបញ្ហា និងស្វែងរកដំណោះស្រាយជាតិដោយខ្លួនឯង។ ជាលទ្ធផលប្រទេសកម្ពុជា មិនត្រឹមតែត្រូវបានគេស្គាល់ថា
ជាកោះសន្តិភាពក្នុងតំបន់ទន្លេមេគង្គប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានគេដាក់ឈ្មោះថា «ប្រទេសតូចដែលមានបេះដូងធំទូលាយ» ទៀតផង។
៣៖ សម្តេចតេជោ ហ៊ុន សែន បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យមនុស្សធម៌ និងសាមគ្គីភាព ដែលរួមមានដូចជា៖ ក) ការយកចិត្តទុកដាក់ជាអាទិភាពចំពោះជនជាតិភាគតិចនៅកម្ពុជា, ខ)ការលើកកម្ពស់ការអត់ឱនអធ្យាស្រ័យឱ្យគ្នានៅក្នុងជំនឿសាសនា និងគ) គោលនយោបាយស្តីពី សេរីភាព នៃជំនឿសាសនា
៤៖ ផ្អែកលើការធ្វើអភិបាលកិច្ច និងផ្អែកលើការសិក្សាផងនោះអាចយល់បានថា សម្តេចតេជោ ហ៊ុន សែន បានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ដូចមានចែងក្នុងបទបញ្ជាប្រកាសក្រសួងស្តីពីការស្រាវជ្រាវ, បច្ចេកវិទ្យា និងឧត្តមសិក្សា លេខ៖ ៦៥ ឆ្នាំ២០១៦ ស្តីពីសញ្ញាបត្របណ្ឌិតកិត្តិយស និងបទប្បញ្ញត្តិរបស់សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យរដ្ឋប៉ាដាង លេខ៖ ៣ ឆ្នាំ២០១៧ ទាក់ទងទៅនឹងនីតិវិធី ស្តីពីការប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស (Doctor Honoris Causa) នៅសាកលវិទ្យាល័យរដ្ឋប៉ាដាង។
ការផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយស គឺជាការទទួលស្គាល់ចំពោះស្នាដៃដ៏ចំណានរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំកសាង និងអភិវឌ្ឍន៍សង្គមកម្ពុជា ឱ្យមានភាពចម្រើនលូតលាស់ ប្រជាពលរដ្ឋរស់នៅក្នុងវិបុលភាព។ សញ្ញាបត្របណ្ឌិតកិត្តិយស គឺជាការផ្តល់តម្លៃយ៉ាងខ្ពស់ខ្ពស់បំផុតចំពោះមគ្គុទ្ទេសក៍ឯករបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងភាពជាអ្នកដឹកនាំ និងជាអ្នកកសាងអភិវឌ្ឍន៍ដ៏អស្ចារ្យមួយរបស់សង្គមកម្ពុជា ៕
ដោយ ៖ សិលា