ភ្នំពេញ៖ បើយោងតាមនាយកដ្ឋានស្ថិតិទេសចរកម្ពុជាចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅថ្ងៃទីមួយនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ១,៤៣ លាននាក់ (១ ៤៣៦ ៤៤១) ក្នុងនោះទេសចរអន្តរជាតិចំនួន ២៧ ៤៦០ នាក់ បានដើរលេងកម្សាន្តនៅទូរទាំងប្រទេស។
នាយកដ្ឋានស្ថិតិទេសចរកម្ពុជា បានបញ្ជាក់ថា ក្នុងចំណោមទេសចរ ១,៤៣ លាននាក់ រាជធានីខេត្តចំនួន ៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ ក្នុងនោះរាជធានីភ្នំពេញទទួលបានភ្ញៀវទេសចរជាង ១ លាននាក់ (១ ១០៥ ៧៩១) មានទេសចរអន្តរជាតិ ១ ម៉ឺន ៦ ពាន់នាក់។ ខេត្តព្រះសីហនុជាង ៨ ម៉ឺន ៨ ពាន់នាក់ ទេសចរអន្តរជាតិចំនួន ២ ៦៤១ នាក់។ ខេត្តសៀមរាប ទទួលបានទេសចរ ៨ ម៉ឺន ៣ ពាន់ នាក់ មានទេសចរអន្តរជាតិ ៤ ១១៩ នាក់។
សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក ត្រូវបានប្រារព្ធធ្វើឡើង ដើម្បីជាការរំលឹកគុណចំពោះកងទ័ពជើងទឹកខ្មែរ ដែលបានពលីជីវិតបូជាចំពោះទឹកដីក្នុងចម្បាំង នាសតវត្សទី១២ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ពីឆ្នាំ១១៧៧ ដល់ឆ្នាំ ១១៨១ នៃគ.ស ដូចមានបង្ហាញចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារជាដើម។
រាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋ បានចូលរួមកម្សាន្តសប្បាយរីករាយ អបអរសាទរបុណ្យប្រពៃណីជាតិខ្មែរដែលមានតាំងពីបរមបុរាណដ៏យូរលង់មកហើយ ព្រមទាំងទស្សនាការបណ្ដែតប្រទីប អុជកាំជ្រួច ប្រគំតន្ត្រីសម័យ-បុរាណ និងសម្តែងសិល្បៈទាំង៣រាត្រី៕
ដោយ៖ តារា