ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេច​តេជោ​ ហ៊ុន​ សែន​ អបអរសាទរកីឡាករម្ចាស់ផ្ទះកម្ពុជា លី បូរ៉ាមី និងកីឡាករ សុខ លឹមហេង​ ឈ្នះមេដាយមាស

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​០៦​ ខែឧសភា​ ឆ្នាំ​២០២៣នេះ​ បានចូលរួមអបអរសាទរកីឡាករម្ចាស់ផ្ទះកម្ពុជា លី បូរ៉ាមី និងកីឡាករ សុខ លឹមហេង​ ឈ្នះមេដាយមាសបន្ថែមទៀត​ ជូនជាតិ​មាតុភូមិ​។ 

ជាក់ស្ដែង​យោង​តាម​ផេកផ្លូវការ​របស់​សម្ដេចតេជោ​ ហ៊ុន​ សែន​ បានថ្លែង​បញ្ជាក់ថា​៖​ អបអរសាទរ🇰🇭🇰🇭 កីឡាករម្ចាស់ផ្ទះកម្ពុជា លី បូរ៉ាមី ឈ្នះមេដាយមាស លើវិញ្ញាសាសម្តែងមេគុណ ដែលធ្វើបាន ២៧២ពិន្ទុ នៃប្រភេទកីឡាវ៉ូវីណាម សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹក ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣។

ជាមួយគ្នានេះ​ សម្ដេចតេជោ​ បានអបអរសាទរ🇰🇭🇰🇭 កីឡាករ សុខ លឹមហេង ឈ្នះបានមេដាយមាស លើវិញ្ញាសាអុកចត្រង្គ (៥នាទី) ក្រោយយកឈ្នះកីឡាករវៀតណាម។ 

សូមជម្រាបជូនដែរថា​ យោង​តាម​ទីភ្នាក់ងារ​ AKP នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣​នេះថា៖​ កីឡាប៉េតង់ ដែលជាកីឡាដ៏មានសក្កានុពលមួយរបស់កម្ពុជា ចាប់ផ្តើមប្រកួតហើយនៅព្រឹកនេះ។ 

សកម្មភាពនៃការប្រកួតកីឡាប៉េតង់ ដែលមានប្រទេសចំនួន០៧ ចូលរួមប្រកួត រួមមាន ម្ចាស់ផ្ទះកម្ពុជា ព្រុយណេ ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ និងវៀតណាម នាព្រឹកថ្ងៃទី០៦ ខែឧសភានេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ៕

ដោយ​៖សហការី​


ចែករំលែក៖