ភ្នំពេញ ៖ យោងតាមប្រភពអត្ថបទពី ៖ AMS Khmer Civilization ត្រូវបានអង្គភាព មន្ទីរទេសចរណ៍ ខេត្តបាត់ដំបង បង្ហោះបានរៀបរាប់ថា,
ក្រុងបាត់ដំបង នៃខេត្តបាត់ដំបង ដែលស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា យើងសង្កេតឃើញ ជាពិសេសតាមដងស្ទឹងសង្កែ មានវត្តបុរាណសង់ក្នុងសម័យអាណានិគមនិយមបារាំងជាច្រើន។ នៅក្នុងចំណោម ១០ សង្កាត់នៃក្រុងបាត់ដំបង មានសង្កាត់មួយឈ្មោះ សង្កាត់ក្តុលដូនទាវ ដែលមានវត្តចំណាស់មួយ ឈ្មោះ “វត្តក្តុល” សង់តំណាលគ្នានឹងវត្តដទៃទៀតក្នុងក្រុងដូចជា វត្តដំរីស វត្តសង្កែជាដើម។ វត្តក្តុលមានទីតាំងនៅ ក្នុងភូមិក្តុល សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ យើងអាចធ្វើដំណើរតាមផ្លូវទៅពាមឯកស្របមាត់ស្ទឹងត្រើយខាងលិច និងមានចម្ងាយប្រមាណជា ៤ គីឡូម៉ែត្រពីក្រុងបាត់ដំបង។ វត្តក្តុលត្រូវបានគេហៅឈ្មោះជាផ្លូវការតាំងពីកសាងដំបូងថា “វត្តប្រាបច្ចាមិត្ត” ដែលសព្វថ្ងៃហៅជាប់ថា “វត្តក្តុល”។
វត្តក្តុល ត្រូវបានកសាងឡើងនៅស.វ.ទី១៩ ក្នុងឆ្នាំ ១៨៣០ ក្នុងសម័យលោកម្ចាស់ កថាថនឈុំ (គទាធរ)។ ចំពោះប្រវត្តិកសាងវិញ ពុំសូវមានឯកសារចងក្រងច្រើនទេ យើងឃើញមានសៀវភៅ មួយនិយាយអំពី (បាត់ដំបងសម័យលោកម្ចាស់ ដែលបានរៀបរាប់អំពី ព្រះចៅពញាបឌិន ឫចៅឃុន មានឋានៈជា ចៅពញាបតិន្រ្ទតេជោ គឺជាមេទ័ពធំរបស់សៀម បានមកឱ្យរៀបចំក្រុងបាត់ដំបង ដើម្បីទប់ទល់នឹងស្តេច អាណ្ណាម រវាងឆ្នាំ ១៨៣៨ ។
ក្នុងការរៀបចំក្រុងនេះ មេទ័ពធំ ឫចៅពញាបឌិន បានដឹកនាំកសាងបន្ទាយប្រាការមួយធ្វើអំពីឥដ្ឋបូកបាយអ ដែលមានបណ្តោយប្រវែង ៧២០ ម៉ែត្រ ទទឹង៤៨០ ម៉ែត្រ កម្ពស់២ ម៉ែត្រកន្លះ និងកម្រាស់ ៨ តឹក។
លុះក្រោយមក ចៅពញាបឌិនបានធ្វើមរណកាលទៅ និងបានឩទ្ទិសដីបន្ទាយនេះថ្វាយចំពោះ ព្រះពុទ្ធសាសនា ហើយបានកសាងវត្តអារាមមួយហើយដាក់ឈ្មោះថា (វត្តប្រាបប្រាមបច្ចាមិត្ត) ដែលសព្វថ្ងៃហៅ វត្តក្តុល។ ចំណែកវត្តនេះពីមុន ជាទីតាំងបន្ទាយ របស់ចៅពញាបឌិន។ បច្ចុប្បន្នគេបានសរសេរទៅជា វត្តប្រាប្បច្ចាមិត្ត។ ពាក្យនេះមានន័យថា ការយកឈ្នះលើសត្រូវ ឫបង្រាបសត្រូវ និងមិនឱ្យត្រលប់មកវិញ ដែលមានបំណងចង់មកបៀតបៀន ទឹកដីជាដើម។
នៅក្នុងបរិវេណវត្តក្តុល មានសំណង់ប្រវត្តិសាស្រ្តចាស់ៗ ដែលបានបន្សល់តាំងពីសម័យបារាំង និងសំណង់កសាងសម័យក្រោយៗ សំណង់ទាំងនោះរួមមាន៖ សំណង់ព្រះវិហារ សាលាធម្ម កុដិ ចេតិយចាស់ក្នុងសម័យលោកម្ចាស់ និងជាពិសេស គឺចម្លាក់រឿងរាមកេរ្តិ៍ ដែលឆ្លាក់ពីកំបោរបាយអនៅជាប់នឹងរបង ឫហៅម្យ៉ាងទៀតថា ជារាជវ័តិនៃទីធ្លាខឿនព្រះវិហារ ហើយក៍មានសំណងចាស់ថ្មីផ្សេងទៀត។
១. ព្រះវិហារវត្តក្តុល
ព្រះវិហារ ជាប្រភេទព្រះវិហារជហ្វា៤ មានដំបូលកឹង៣ ថ្នាក់ប្រក់ក្បឿង។ គួរបញ្ចាក់ថា ព្រះវិហារចាស់ពីមុនមានរាងជា បោត មានទំហំតូច ធ្វើពីឈើ លុះមកដល់ឆ្នាំ១៨៨០ ទើបមានការជួសជុលស្ថាបនាព្រះវិហារឡើងវិញ ដូចដែលយើងឃើញសព្វថ្ងៃ។ ព្រះវិហារសព្វថ្ងៃមានពណ៌ស្លាទុំ នៅតាមសសរផ្នែកខាងក្រៅ ឫហៅល្វែងបាំងសាច មានបិតសន្លឹកមាសបន្ទះតូចៗ ជុំវិញសសរ នៅលើហោជាងខាងកើតមានឆ្លាក់រូបជើងពានទ្រព្រះខ័ន ហើយនៅខាងលើព្រះខ័នមានត្រីសូល៍ និងកងចក្រជាប់ទៅនឹងកំពូលកណ្តាលនៃត្រីសូល៍ ដែលព្រះសង្ឃគង់នៅវត្តនេះ មានដីការថា ជាអំណាចរបស់ស្តេចដែលកាន់កាប់នាសម័យនោះ ។ ចំណែកហោជាងព្រះវិហារផ្នែកខាងលើវិញ គេបានឆ្នាក់រូបដំបង ប៉ុន្តែពុំដឹងច្បាស់ថាមានន័យយ៉ាងណា ឫក៍ប្រហែលជាតំណាងអោយខេត្តបាត់ដំបង ។
នៅមុនសម័យប៉ុល ពត នៅក្នុងព្រះវិហារមានតម្កល់ព្រះអង្គជីធំមួយ ធ្វើអំពីឈើលាប់ថ្នាំខ្មៅ ក្រហម និងទឹកមាស ហើយមានបិតសន្លឹកមាសការឡៃនៅផ្នែកខ្លះ ប៉ុន្តែព្រះអង្គជីធំនេះ ត្រូវបានបំផ្លាញចោលក្នុងសម័យប៉ុល ពត។ លុះសព្វថ្ងៃ នៅខាងក្នុងព្រះវិហារ មានតម្កល់ព្រះអង្គជីធំមួយផ្សេងទៀតធ្វើអំពីស៊ីម៉ងត៍ គឺជាពុទ្ធបដិមាក្នុងកាយវិការអភ័យមុទ្រដែលទើបនឹងធ្វើនៅសម័យក្រោយ។
២. សំណង់ចេតិយសម័យលោកម្ចាស់ក្នុងវត្តក្តុល
សំណង់ចេតិយមានច្រើន ក្នុងបរិវេណវត្ត ប៉ុន្តែយើងសង្កេតឃើញមានសំណង់ចេតិយមួយដែលមានលក្ខណ់ខុសប្លែកពីចេតិយធម្មតា។ សំណង់ចេតិយធំនេះ មានទីតាំងនៅក្រោយព្រះវិហារភាគខាងលិច ដែលមានសល់ពីសម័យលោកម្ចាស់ ដោយមានការរចនា និងរូបរាងខុសប្លែកពីចេតិយក្នុងវត្តនានាក្នុងខេត្តបាត់ដំបង។
ចំពោះរាជវ័តិដែលបានកាសងនៅលើទីធ្លាខឿន នៃព្រះវិហារវត្តក្តុលនេះមានពីរផ្នេកផ្សេងគ្នា គឺទីមួយ ចាប់ពីពាក់កណ្តាលរាជវ័តិទៅផ្នែកខាងកើត កាលពីមុនសម័យសង្រ្គាមរបប ប៉ុល ពត គេឃើញនៅមានរាជវ័តិកសាងដំបូង ពីថ្មកំបោរបាយអ មានក្បាច់ផ្កាភ្ញី ក្បាច់វលិ៍នៅលើរាជវ័តិ តែត្រូវបានបំផ្លាញក្នុងសម័យប៉ុល ពត ។ សព្វថ្ងៃ រាជវ័តិដែលឃើញនៅភាគខាងកើតធ្វើពីដែកវិញ។ ចំណែកផ្នែកទី២ គឺចាប់ពីពាក់កណ្តាលរាជវ័តិទៅផ្នែកខាងលិចវិញ គេបានឆ្លាក់សាច់រឿងរាមកេរ្តិ៍ ជាឈុតៗ ទាំងផ្នែកខាងក្នុង និងខាងក្រៅ នៃរាជវ័តិ។
៣. ចម្លាក់រឿងរាមកេរ្តិ៍នៅវត្តក្តុល
ចម្លាក់រឿងរាមកេរ្តិ៍នៅវត្តក្តុលនេះ ធ្វើឡើងអំពីកំបោរបាយអ សរុបទាំងអស់ ៤៨ ផ្ទាំង ឫឈុតនៅលើរាជវ័តិនៃទីធ្លាខឿន ព្រះវិហារ។ ចំពោះអាយុកាលនៃចម្លាក់នេះ យើងពុំដឹងច្បាស់ថាសង់តំណាលគ្នានឹងព្រះវិហារ ឫសង់នៅសម័យក្រោយទៀតយ៉ាងណានោះទេ។ ឈុតដែលឆ្លាក់បង្ហាញនៅលើរាជវ័តិនេះ ភាគច្រើនឃើញបង្ហាញនូវសាច់រឿងដូចគ្នាទៅនឹងសាច់រឿងគំនូររាមកេរិ៍្តក្នុងព្រះវិហារព្រះកែវមរកត។ ចំណែកខ្លះទៀតមាននៅក្នុងខ្សែអាត់សម្លេងរបស់ចាស់ព្រឹទ្ធាចារ្យដូចជា៖ តាគ្រុឌ ដែលជាអ្នកពោលល្ខោនខោល នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម តាសយ ដែលជាអ្នកពោលល្ខោនខោលនៅវត្តស្វាយអណ្តែត នៅស្រុកល្វាឯម ខេត្តកណ្តាល, រាមកេរ្តិ៍ពោលដោយ តាចក់ និងឯកសារផ្សេងៗមួយចំនួនទៀត។
ចម្លាក់រឿងរាមកេរ្តិ៍នៅវត្តក្តុល បានបង្ហាញឈុតជាច្រើន ដែលក្នុងសិល្បករចម្លាក់បានរំលេចនូវឈុតមួយចំនួន ដែលទាក់ទងនឹងទេសភាពព្រៃឈើ ទិដ្ឋភាពទូទៅក្នុងសង្គម ការទទួលនូវឥទ្ធិពលវប្បធម៍ពីបរទេស ដូចជាការស្លៀកពាក់ សំនងស្ថាបត្យកមុ្មបែបបស្ចឹមប្រទេសពោល គឺប្រទេសបារាំងដែលបានដាក់អាណានិគមលើប្រទេសកម្ពុជាជិតមួយសតវត្ស (១៨៦៣ – ១៩៥៣) ។
ក្រៅពីនោះ ក៏មានសំណង់ផ្ទះបុរាណខ្មែរ សំពៅ គ្រឿងលម្អ ក្នុងសំណង់អាគារ វត្ថុប្រើប្រាស់ប្រចាំថ្ងៃ និងគ្រឿងសព្វាវុធជាចដើម៕
ដោយ៖ សហការី