ភ្នំពេញ៖ មុខសញ្ញាចោរឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវចំនួន ពីរនាក់ ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយសមត្ថកិច្ចពីរខណ្ឌ ដេញតាមចាប់ក្របួចបានបន្ទាប់ពីពួកគេបានធ្វេីសកម្មភាពឆក់ទូរស័ព្ទជនជាតិចិនបានសម្រេច ពេលកំពុងជិះឡំប្រឺតាពីរនាក់ប្តីប្រពន្ធ។
បេីតាមការបញ្ជាក់ពីរបាយការណ៍របស់នគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល កាលពីព្រលប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញ បានឱ្យដឹងថា៖ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដែលមានលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ ជានាយការិយាល័យ ដោយមានការចូលរួមសហការពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង ចុះល្បាតតាមបណ្តោយផ្លូវកម្ពុជាក្រោម (១២៨) ត្រង់ចំណុចស្តុបសាលារៀនសន្ធរម៉ុក ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង២២៖៥០នាទី ក៏ប្រទះឃេីញជនសង្ស័យជិះម៉ូតូចំនួន០២គ្រឿង មានគ្នាចំនួន០៤នាក់ បានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរងគ្រោះ០២នាក់ប្តីប្រពន្ធ (ជនជាតិចិន) ដែលកំពុងតែជិះឡាំប្រឺតា(កង់បីឥណ្ឌា)បានសម្រេច។
ភ្លាមនោះកម្លាំងជំនាញ ការិយាល័យធ្វេីការប្រដេញនឹងបានសហការជាមួយកម្លាំងជំនាញ នៃអធិការនគរបាលខណ្ឌ៧មករា និងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ នៅចំណុចផ្លូវលំ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ (អ្នកបិទគូថ)។ រីឯជនសង្ស័យចំនួន០២នាក់ទៀត ដែលជាជនដៃដល់បានរត់គេចខ្លួនបាត់។
ដោយឡែកសម្ភារដកហូតមាន៖ ម៉ូតូម៉ាក Suzuki Nex ពណ៌ស, ម៉ូតូម៉ាក Honda dream C125 ពណ៌ខ្មៅ និងទូរស័ព្ទដៃម៉ាក iPhone 14 pro max ពណ៌ស (ជារបស់ជនរងគ្រោះ)។ ចំពោះទូរស័ព្ទដៃកម្លាំងជំនាញការិយាល័យ បានប្រគល់ឲ្យទៅនារីរងគ្រោះជាជនជាតិចិនវិញ។
បច្ចុប្បន្នកម្លាំងជំនាញការិយាល័យ បាននាំជនសង្ស័យខាងលេីមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេីម្បីកសាងចាត់ការតាមនីតិវិធី៕
ដោយ៖ សហការី