ព័ត៌មានទាន់ហេតុការណ៍៖

លោក ជិន ម៉ាលីន ថ្លែងថា ការនិយាយមិនពិតមានចរិតញុះញង់,បំភ្លៃ,បង្កអសន្ដិសុខ មិនមែនជាសិទ្ធិបញ្ចេញ មតិនោះទេ

ចែករំលែក៖

ភ្នំពេញ ៖ លោកជិន ម៉ាលីន រដ្ឋលេខាធិការនិងជាអ្នកនាំ ពាក្យក្រសួងយុត្តិធម៌ថ្លែងថា ការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តការណ៍ស៊ីហ្គេមលើកទី៣២នេះ មិនមែនជាព្រឹត្តការណ៍សម្រាប់តែរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ឬក៏ជារបស់សម្ដេចតេជោ ហ៊ុន សែន នោះទេ តែនេះគឺ ជាព្រឹត្តការណ៍របស់ជាតិកម្ពុជាទាំងមូល។ តែជា អកុសលមានក្រុមអគតិមួយក្រុមតូចដែលជាខ្មែរដែរនោះ ពួកគេមិន បានចូលរួមអបអរ រីករាយនិងមោទនភាពដែលជាតិទទួលនោះទេផ្ទុយទៅវិញពួកគេបែរជាខំប្រឹងរកព័ត៌មាន បន្ទោសបង្អាប់ បំភ្លើសបំផ្លៃ ដើម្បីផ្សាយអាក្រក់ពីកម្ពុជា។ 

លោករដ្ឋលេខាធិការបន្តថា ចំពោះអ្នកប្រឆាំងមួយចំនួនតូចនោះ ពួកគេមានសិទ្ធិក្នុងការសម្ដែងមតិ ប៉ុន្ដែត្រូវចង ចាំថា ការសម្ដែងមតិ សូមកុំដើរហួសបន្ទាប់នៃច្បាប់។ លោកសង្កត់ធ្ងន់ថា សារដែលមានចេតនាបង្កភាពចលាចល ញុះញង់ ឲ្យមានវឹកវរនៅក្នុងសង្គម មិនមែនជាសិទ្ធិសម្ដែងមតិនោះទេ។

លោក ជិន ម៉ាលីន បន្តថា ក្នុងរយៈពេលចុងក្រោយនេះអតីតសមាជិកបក្សប្រឆាំងមានចំនួនច្រើនឡើង បានចាកចេញ ហើយមកចូលរួមជាមួយរដ្ឋាភិបាល។ តែជារឿងគួរឲ្យសោកស្ដាយដែលក្រុមអ្នកចាកចេញទាំងនោះបែរជាត្រូវក្រុមប្រឆាំងបើកការវាយប្រហាលាបពណ៌សព្វបែបយ៉ាងទៅវិញ។ លោកថា ទង្វើនៃការវាយប្រហារអ្នកចាកពីខ្លួនដូចដែលក្រុមប្រឆាំងកំពុងធ្វើនេះ គឺជាចរតិរបស់ពួកផ្ដាច់ការ មិនមែនជាចរិតរបស់អ្នកប្រជាធិបតេយ្យនោះទេ។ 

លោក ជិន ម៉ាលីន មានប្រសាសន៍ទៀតថា ក្រុមប្រឆាំងគួរតែមើលអំពីកំហុសខ្លួនឯងជាមុនសិន ថា តើក្នុងការ ដឹកនាំរបស់ខ្លួនមានអំពើអយុត្តិធម៌អ្វីខ្លះ បានកើតឡើង មុនពេលដែលចោទប្រកាន់អ្នកដទៃថា បានគំរាមកំហែង អូសទាញ ឬទិញទឹកចិត្តសមាជិកបក្សរបស់ខ្លួន។ 

អតីតសមាជិកគណបក្សប្រឆាំង និងអ្នកគាំទ្របានប្រកាសចាកចេញពីបក្សប្រឆាំង និងផ្ដាច់ខ្លួនពីមេដឹកនាំជ្រុលនិយម ដែលអសមត្ថភាពរត់ចោលស្រុក ហើយមកសុំចូលរួមរស់ជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា។ ការចាកចេញពីនេះក៏ដោយសារពួកគាត់ឆ្អែត ឆ្អន់ និងមេដឹកនាំជ្រុលនិយមដែលគ្មានសមត្ថភាព ជាមនុស្សសំងំយកសុខតែខ្លួនឯង ហើយគ្មានគុណសម្បត្តិអ្វីបន្តិចសោះចំពោះជាតិ និងប្រជាជន គឺមានតែអំពើបំផ្លាញជាតិ បង្ខូចកេរ្ដិ៍ឈ្មោះប្រទេសជាតិ ញុះញង់ប្រជាជនឲ្យបែកបាក់សាមគ្គី៕

ដោយ៖ សូរិយា


ចែករំលែក៖