ភ្នំពេញ ៖ ថ្ងៃនេះគឺជាថ្ងៃចុងក្រោយនៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ខណៈថ្ងៃស្អែកនេះជាការប្រារព្ធពិធីបិទព្រឹត្តិការណ៍ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដ៏កក់ក្តៅ។ នេះជាការលើកឡើងរបស់ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។
លោក ហ៊ុន ម៉ានី បានថ្លែងបន្តថា, ក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប ខ្ញុំពិតជាមានមោទនភាព និងសូមកោតសរសើរក្រុមការងារទាំងអស់ គ្រប់ផ្នែក គ្រប់ទីតាំង ដែលសុទ្ធតែបានលះបង់កម្លាំងកាយចិត្ត ពេលវេលា ក៏ដូចជាធនធានផ្ទាល់ខ្លួន ដោយក្នុងនោះផងដែរ ក៏មានក្រុមយុវជនស្ម័គ្រចិត្ត ដែលហាក់បីដូចជាសរសៃឈាមគ្រប់ច្រកល្ហកក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ តាំងពីមុនថ្ងៃចាប់ផ្តើម រហូតមកទល់ថ្ងៃនេះ។
លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បន្តថា, ជាងនេះទៅទៀត យើងទាំងអស់គ្នាក៏សូមថ្លែងអំណរគុណដល់ ក្រុមការងារបច្ចេកទេសពាក់ព័ន្ធជាច្រើនផ្សេងទៀតដែលបានចូលរួមក្នុងបេសកកម្មដ៏អស្ចារ្យមួយនេះ ជាពិសេសកងកម្លាំងគ្រប់ជាន់ថ្នាក់ដែលបានការពារសេចក្តីសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនអ្នកអត្តពលិក អ្នកចូលរួម និងមិត្តបរទេសមកកាន់កម្ពុជាប្រកបដោយភាតរភាព សេចក្តីសុខ និងភាពសប្បាយរីករាយលើសពីការប្រកួត។
ការចូលរួម របស់អ្នកទាំងអស់គ្នាពិតជាបានរួមចំណែកដល់ការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើសទី៣២ ឲ្យទទួលបានជោគជ័យគួរជាទីមោទនៈ ក្នុងស្មារតី ខ្មែរធ្វើបាន ៕
ដោយ ៖ សិលា