ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ តាមរយៈ Facebook ផ្លូវការបានបញ្ជាក់ឲ្យដឹងថា សម្តេចបានជះស្បើយពីជំងឺកូវីដ-១៩ហើយ បន្ទាប់ពីសម្រាកព្យាបាល និងដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល៥ថ្ងៃ។
បន្ទាប់ពីជាសះស្បើយ សម្តេចក្រឡហោមក៏បានបញ្ជាក់ថា សម្តេចនឹងចាប់ផ្តើមបង្ហាញវត្តមានជាសារធារណៈឡើងវិញ ដើម្បីបម្រើការងារជូនជាតិ និងប្រជាពលរដ្ឋ។
តាមរយៈ Facebook ផ្លូវការសម្តេចក្រឡាហោម ស ខេង បានបង្ហោះសារដែលមានខ្លឹមសារទាំងស្រុងដូច្នេះថា «បងប្អូនជនរួមជាតិជាទីគោរព ! នៅថ្ងៃនេះខ្ញុំបានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ ក្រោយពីបានអនុវត្តតាមវិធានសុខាភិបាល ដោយដាក់ខ្លួននៅដាច់ដោយឡែក រយៈពេល៥ថ្ងៃ ធ្វើលំហាត់ប្រាណ និងការព្យាបាល។
ចាប់ពីពេលនេះតទៅ ខ្ញុំនឹងមានវត្តមានជាសាធារណឡើងវិញ ដើម្បីបម្រើការងារជូនជាតិ និងប្រជាពលរដ្ឋ ។ ខ្ញុំសូមថ្លែងអំណរគុណជាអនេកប្បការ ដល់វេជ្ជបណ្ឌិតកម្ពុជា ដែលបានណែនាំ និងពិនិត្យព្យាបាលខ្ញុំ និងសូមអរគុណជាអនេកផងដែរ ចំពោះបងប្អូនជនរួមជាតិដែលបានយកចិត្តទុកដាក់ ដល់សុខភាពខ្ញុំ និងបានជូនពរឲ្យបានជាសះស្បើយ។
ខ្ញុំក៏សូមជូនពរដល់បងប្អូនជនរួមជាតិទាំងអស់ ជួបប្រទះតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងជាពិសេសគឺចាកផុតពីជំងឺកូវីដ-១៩ កុំបីឃ្លាងឃ្លាតឡើយ។ សូមអរអរគុណ!»៕
ដោយ៖ សូរិយា