ព័ត៌មានទាន់ហេតុការណ៍៖

ផែនការសន្តិភាពដាច់ខាតមិនត្រូវឱ្យអ៊ុយក្រែន ប្រគល់ទឹកដីឱ្យរុស្ស៉ីនោះទេ

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៣ បានផ្សាយថា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ប្រាប់បេសកជនពិសេសចិនថាទីក្រុងកៀវ នឹងមិនទទួលយកនូវសំណើណាមួយដើម្បីបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី ដោយតម្រូវឱ្យអ៊ុយក្រែនបោះបង់ចោលទឹកដីរបស់ខ្លួន ឬក៏ទុកឱ្យជម្លោះត្រឹមផ្អាកជាបណ្ដោះអាសន្ន នោះទេ។

លោក ឌីមីត្រូ គូលេបា (Dmytro Kuleba) ធ្វើការកត់សម្គាល់ខាងលើ កាលពីថ្ងៃពុធសប្ដាហ៍នេះ ក្នុងជំនួបនៅឯទីក្រុងកៀវ ជាមួយលោក លី ហ៊ុយ (Li Hui) ដែលជាបេសកជនពិសេសចិនទទួលបន្ទុកកិច្ចការអឺរ៉ាស៊ី និងជាអតីតឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសរុស្ស៉ី។ បើតាមក្រសួងការបរទេសអ៊ុយក្រែន លោក គូលេបា បានពិភាក្សាជាមួយលោក លី ពីមធ្យោបាយបិទបញ្ចប់ការឈ្លានពានរបស់រុស្ស៉ី ដោយលោកបានសង្កត់ធ្ងន់ថា អ៊ុយក្រែននឹងមិនទទួលយកសំណើណាមួយដែលតម្រូវឱ្យអ៊ុយក្រែនលះបង់ចោលទឹកដីរបស់ខ្លួន ឬក៏ត្រឹមតែឈានដល់បទឈប់បាញ់បណ្ដោះអាសន្នជាមួយរុស្ស៉ីនោះទេ។
«ការស្ដារឡើងវិញនូវសន្តិសុខ ក្នុងប្រទេសអ៊ុយក្រែន គឺអាស្រ័យលើការគោរពអធិបតេយ្យ និងបូរណភាពទឹកដីរបស់អ៊ុយក្រែន»។ នេះជាការគូសបញ្ជាក់របស់ លោក គូលេបា ក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយក្រសួងការបរទេសអ៊ុយក្រែន។ ប៉ុន្តែមិនមានសេចក្ដីរាយការណ៍ថា តើលោក លី បានឆ្លើយតបយ៉ាងដូចម្ដេចចំពោះការលើកឡើងរបស់លោក គូលេបា នោះឡើយ។
គួរបញ្ជាក់ថា លោក លី ហ៊ុយ បានស្ថិតនៅក្នុងទីក្រុងកៀវ ពីថ្ងៃអង្គារដល់ថ្ងៃពុធសប្ដាហ៍នេះ ដើម្បីលើកកម្ពស់ និងស្វែងរកការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ ទីក្រុងប៉េកាំង ក្នុងការស្វែងរកដំណោះស្រាយបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន៕ ដោយ៖ ធីរីណា

រូបថត៖ AP


ចែករំលែក៖