ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលនៃសម័យប្រជុំពេញអង្គរគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ វិមានសន្តិភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី មានបើកកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យនិងពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖

១- សេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។ 

២- សេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ។

៣- របាយការណ៍ស្ដីពីកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងផ្លូវនាវា- ចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់។

៤- បញ្ហាផ្សេងៗ។

១- សេចក្តីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម គណៈរដ្ឋមន្ត្រីបានសម្រេចឯកភាពទាំងស្រុងលើ សេចក្តីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិ អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលក្រសួងមហាផ្ទៃបានរៀបចំស្នើឡើងមកនេះ។

គណៈរដ្ឋមន្រ្តីបានសម្រេចប្រគល់ភារកិច្ចជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញទៅការពារសេចក្តីព្រាងច្បាប់នេះ នៅរដ្ឋសភា និងព្រឹទ្ធសភាឱ្យបានក្នុង នីតិកាលទី៦ នៃរដ្ឋសភា។

២- សេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ

គណៈរដ្ឋមន្ត្រីបានសម្រេចកែសម្រួល ដូចខាងក្រោម៖

-ទំព័រទី៣ មាត្រា៦ ត្រេទី២ ក្នុងកថាខណ្ឌបន្ទាប់ចុងក្រោយ បន្ថែមពាក្យ «នៃ» នៅបន្ទាប់ពី ពាក្យ «កែច្នៃជាសារវន្ត» នៅ ទំព័រទី៦ មាត្រា១៣ ក្នុងកថាខណ្ឌចុងក្រោយ បន្ថែមពាក្យ «ដូច» នៅពីមុខពាក្យ «មាន

និងបន្ថែមពាក្យ «កថាខណ្ឌ» នៅពីមុខពាក្យ «ទី២» ចែង»

-នៅទំព័រទី៧ មាត្រា១៧ ក្នុងកថាខណ្ឌ២ បន្ថែមពាក្យ «ដូច» នៅពីមុខពាក្យ «មានចែង» នៅទំព័រទី៨ មាត្រា២៣ ក្នុងកថាខណ្ឌ២ បន្ថែមពាក្យ «ដើមកំណើតទំនិញនាំចេញ» នៅបន្ទាប់ពីពាក្យ «មន្ត្រីស៊ើបអង្កេត» នៅទំព័រទី៨ មាត្រា២៤ ក្នុងកថាខណ្ឌ១ បន្ថែមពាក្យ «និង» នៅពីមុខពាក្យ «ប្រមូលទិន្នន័យ» នៅទំព័រទី៩ មាត្រា២៨ ក្នុងកថាខណ្ឌចុងក្រោយ បន្ថែមពាក្យ «ពាក់ព័ន្ធដើមកំណើតទំនិញនាំចេញ» នៅបន្ទាប់ពីពាក្យ «ចំពោះអំពើល្មើស» ។ ក្រៅពីការកែសម្រួលខាងលើ គណៈរដ្ឋមន្ត្រីបានសម្រេចឯកភាពតាមសេចក្តីព្រាងច្បាប់ស្ដីពីវិធាន ដើមកំណើតទំនិញ ដែលក្រសួងពាណិជ្ជកម្មបានស្នើឡើងមកនេះ។

ទន្ទឹមនឹងនេះ គណៈរដ្ឋមន្ត្រីបានសម្រេចប្រគល់ភារកិច្ចជូនលោក ប៉ាន សូរស័ក្តិ រដ្ឋមន្តី ក្រសួងពាណិជ្ជកម្ម អញ្ជើញទៅការពារសេចក្តីព្រាងច្បាប់នេះ នៅរដ្ឋសភា និងព្រឹទ្ធសភាឱ្យបានក្នុងនីតិកាល ទី៦ នៃរដ្ឋសភា។

៣- របាយការណ៍ស្តីពីកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្ត គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់គណៈរដ្ឋមន្ត្រីបានសម្រេច៖

៣.១- ទទួលយកគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដែលគណៈកម្មការ អន្តរក្រសួងដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូនបានស្នើឡើងមកនេះ និងប្រសិទ្ធនាមផ្លូវនាវាចរណ៍នេះថា «ព្រែកជីកហ្វូណនតេជោ»។

៣.២- ប្រគល់ភារកិច្ចជូនឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និង ជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា សហការជាមួយឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អនុវត្តនីតិវិធីជូនដំណឹងអំពី គម្រោងជីកស្តារព្រែក ចាប់ពីព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក រួចចូលតាមព្រែកតាហ៊ីង និង បន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ទៅគណៈកម្មាធិការចម្រុះនៃគណៈកម្មការទន្លេមេគង្គ ស្របតាម មាត្រា៥ នៃកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ ស្តីពីការប្រើប្រាស់ទឹកដោយសមហេតុផល និង សមធម៌នៅក្នុងដែនដីរៀងៗខ្លួន។

៣.៣- ប្រគល់ភារកិច្ចជូនលោក ស៊ុន ចាន់ថុលទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំគណៈប្រតិភូធ្វើការឧទ្ទេសនាមបំភ្លឺជុំវិញគម្រោងស្តារព្រែកជីកហ្វូណនតេជោ ក្នុងករណី មានប្រទេសជាសមាជិកគណៈកម្មាធិការចម្រុះនៃគណៈកម្មការទន្លេមេគង្គស្នើសុំឱ្យមានការ ពន្យល់បន្ថែមលើការងារនេះ។

៣.៤- ប្រគល់ភារកិច្ចជូនឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំការរៀបចំគម្រោងវិនិយោគផ្លូវនាវាចរណ៍ ទន្លេបាសាក់នេះ ឱ្យបានច្បាស់លាស់ និងស៊ីជម្រៅលើគ្រប់ទិដ្ឋភាព រួចធ្វើរបាយការណ៍ លម្អិតគោរពជូនសម្ដេចតេជោនាយករដ្ឋមន្ដ្រី ដើម្បីស្នើសុំគោលការណ៍ក្នុងកិច្ចសហការ អាជីវកម្មជាមួយដៃគូអភិវឌ្ឍន៍។

សូមអានខ្លឹមសារទាំងស្រុងនៃ លទ្ធផលនៃសម័យប្រជុំពេញអង្គរគណៈរដ្ឋមន្ត្រី ក្រោមអធិបតីតភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដូចខាងក្រោម ៕

ដោយ ៖ សិលា


ចែករំលែក៖