ព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣ បានផ្សាយថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប៉ូលិសនិងទីភ្នាក់ងារពន្លត់អគ្គិភ័យនៃប្រទេសហ្គីយ៉ាន (Guyana) នៅឯតំបន់អាមេរិកខាងត្បូង បានឱ្យដឹងថា ករណីភ្លើងឆេះកន្លែងស្នាក់នៅរបស់សិស្ស នៅឯសាលារៀនមួយ បានផ្តាច់ជីវិតក្មេងៗចំនួន១៩នាក់ ហើយវាអាចជាសកម្មភាពលួចដុតដោយចេតនា។
ទីភ្នាក់ងារពន្លត់អគ្គិភ័យបានអះអាងថា អគារស្នាក់នៅរបស់សិស្សស្រីៗ នៃសាលាវិទ្យាល័យម៉ាឌីយ៉ា (Mahdia) ដែលស្ថិតក្នុងទីក្រុងម៉ាឌីយ៉ា ត្រូវបានអណ្តាតភ្លើងឆាបឆេះទាំងស្រុង នៅពេលក្រុមភ្នាក់ងារពន្លត់អគ្គិភ័យបានទៅដល់។ ហេតុការណ៍នោះបានកើតឡើង កាលពីវេលាយប់ថ្ងៃអាទិត្យចុងសប្តាហ៍មុន ឆ្លងចូលយប់ពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទសប្តាហ៍នេះ។ ក្មេងៗ១៤នាក់បានបាត់បង់ជីវិតនៅកន្លែងកើតហេតុផ្ទាល់ ខណៈ៥នាក់ទៀតបានស្លាប់នៅមន្ទីរពេទ្យ។ រីឯក្មេងៗដែលរងរបួស៦នាក់ត្រូវបានដឹកតាមយន្តហោះទៅកាន់រដ្ឋធានីហ៊្សកថោន (Georgetown) ខណៈយ៉ាងហោច១៧នាក់ទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងទីក្រុង Mahdia។
បើតាមលោក គ្លីហ្វតុន ហ៉ីគកិន (Clifton Hicken) ស្នងការប៉ូលិសហ្គីយ៉ានបានឱ្យដឹងថា លទ្ធផលស៉ើបអង្កេតជាបឋមបានឱ្យតំរុយថា គ្រោះអគ្គិភ័យនោះហាក់ត្រូវបានដុតបញ្ឆេះឡើង ក្នុងគោលបំណងអាក្រក់ដោយចេតនា ខណៈការស៉ើបអង្កេតកំពុងតែបន្ត។ ប្រធានាធិបតីហ្គីយ៉ាន លោក អៀហ្វាន អាលី (Irfaan Ali) ក៏បានប្រកាសកាន់ទុក្ខទូទាំងប្រទេសរយៈពេល៣ថ្ងៃ សម្រាប់សោកនាដកម្មនេះផងដែរ៕ ដោយ៖ ធីរីណា
រូបថត ៖ Stabroek News