ប្រមុខដឹកនាំអង្គការសុខភាពពិភពលោក នៅថ្ងៃទី២២ខែឧសភាបានអំពាវនាវដល់បណ្តាប្រទេស មានការកែទម្រង់ជាចាំបាច់ដើម្បីត្រៀមលក្ខណៈទប់ស្កាត់នឹងជំងឺឆ្លងជាថ្មី ។
សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣ បានផ្សាយថា អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃចន្ទសប្តាហ៍នេះទទួលបានការអនុម័តជាមូលដ្ឋានសម្រាប់កញ្ចប់ថវិកាចំនួន ៦.៨៣ពាន់លានដុល្លារ សម្រាប់រយៈពេល២ឆ្នាំខាងមុខ ក្នុងនោះរួមមានទាំងការដំឡើង២០ភាគរយទៅលើការបង់ថ្លៃសមាជិកភាព។
ក្រុមប្រទេសជាសមាជិក WHO នៅក្នុងគណៈកម្មាធិការសំខាន់មួយ បានអនុម័តកញ្ចប់ថវិកាខាងលើ ដោយពុំមានសំឡេងជំទាស់ឡើយ អំឡុងមហាសន្និបាតប្រចាំឆ្នាំដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវនៃប្រទេសស្វីស។ ប្រមុខអង្គការ WHO លោក ថេដ្រូស អាដាណូម ហ្គេប្រេយេស៊ូស (Tedros Adhanom Ghebreyesus) បានសាទរការអនុម័តនេះថា ជាភាពជោគជ័យធំមួយ។ កញ្ចប់ថវិកាខាងលើនៅត្រូវការការអនុម័តពីសមាជិកទាំងអស់របស់ WHOនៅចុងបញ្ចប់នៃព្រឹត្តិការណ៍ដែលមានរយៈពេល១០ថ្ងៃនេះ ប៉ុន្តែវាគ្រាន់ជាការបង្រ្គប់កិច្ចប៉ុណ្ណោះ។
ការសម្រេចដូចខាងលើកើតឡើង បន្ទាប់ពីមហាសន្និបាត WHO បានព្រមព្រៀងកាលពីឆ្នាំមុនជុំវិញការធ្វើកំណែទម្រង់ចំពោះការផ្តល់មូលនិធិ សម្រាប់ស្ថាប័នសុខាភិបាលអន្តរជាតិមួយនេះ។ ដោយទទួលមេរៀនពីវិបត្តិជំងឺកូវីដ-១៩ បណ្តាប្រទេសនានាបានឯកភាពគ្នា ជុំវិញតម្រូវការក្នុងការផ្តល់មូលនិធិដល់ WHO ក្នុងលក្ខណៈដែលមានស្ថិរភាពនិងការជឿទុកចិត្តជាងមុន។
គួរបញ្ជាក់ថា WHO ទទួលបានការផ្តល់ហិរញ្ញប្បទានតាមលក្ខណៈពីរបែប គឺតាមរយៈការបរិច្ចាគដោយស្ម័គ្រចិត្ត និងតាមរយៈការបង់ថ្លៃសមាជិកភាពពីបណ្តាប្រទេសជាសមាជិក ដែលវាត្រូវបានគណនាដោយអាស្រ័យលើ ស្ថានភាពសេដ្ឋកិច្ចនិងចំនួនប្រជាជននៃប្រទេសនីមួយៗ ខណៈការរ៉ាប់រងមូលនិធិរបស់ WHO ដែលបានមកតាមរបៀបនេះ បានថយចុះមកនៅត្រឹមក្រោម១ភាគ៥ប៉ុណ្ណោះ។ ប្រការនេះបានរឹតត្បិតសមត្ថភាព WHO ក្នុងការឆ្លើយតបចំពោះវិបត្តិផ្សេងៗដូចជា ការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩, សង្រ្គាមនៅអ៊ុយក្រែន ហើយនិងភាពអាសន្នផ្នែកសុខាភិបាលដទៃៗទៀត។
ដូច្នេះហើយ កាលពីឆ្នាំ២០២២ មហាសន្និបាត WHO ក៏បានយល់ព្រមបង្កើនជាដំណាក់កាល ដើម្បីឱ្យការផ្តល់ហិរញ្ញប្បទានតាមរយៈការបង់ថ្លៃសមាជិកភាព ទទួលការរ៉ាប់រងកើនដល់៥០ភាគរយ យ៉ាងយូរត្រឹមកញ្ចប់ថវិកាឆ្នាំ២០៣០-២០៣១។
កញ្ចប់ថវិកាឆ្នាំ២០២៤-២០២៥ គឺជាការបង្កើនដំណាក់កាលដំបូងនៃគោលដៅនោះ ដោយក្រុមប្រទេសជាសមាជិក WHO បានព្រមព្រៀងបង្កើនការបង់ថ្លៃសមាជិកភាពរបស់ពួកគេ ក្នុងកម្រិត២០ភាគរយ ធៀបនឹងកញ្ចប់ថវិកាឆ្នាំ២០២២-២០២៣៕ ដោយ៖ ធីរីណា
រូបថត ៖ Reuters