ព័ត៌មានទាន់ហេតុការណ៍៖

បាត់ខ្លួន៤ថ្ងៃ! ស្រាប់តែប្រទះឃើញសពហើមរលួយក្នុងព្រៃរបោះ អាចពាក់ព័ន្ធករណីឃាតកម្ម ខណៈសមត្ថកិច្ចឃាត់ខ្លួនមនុស្ស៣នាក់យកទៅសួរនាំ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ប្រភពព័ត៌មានពីប្រជាពលរដ្ឋស្រុកភ្នំក្រវាញ នាព្រឹកថ្ងៃអង្គារ ៤កើត ខែជេស្ឋ ឆ្នាំថោះ បព្ចាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នេះថា គេឃើញស្ថាប័នមានសមត្ថកិច្ចជំនាញពាក់ព័ន្ធ សហការគ្នាចុះពិនិត្យ និងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ដើម្បីយកទៅសួរនាំ ខណៈគេសង្ស័យអាចជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្ម ក្រោយប្រទះឃើញសពហើមរលួយក្នុងព្រៃរបោះមួយកន្លែង បន្ទាប់ពីបានបាត់ខ្លួនកាលពីប៉ុន្មានថ្ងៃមុន ។

ដោយឡែក! ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញបង្ហើបថា ការដែលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យយកទៅសួរនាំ នៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញនេះ ក្រោយការអនុវត្តបណ្ដឹងរបស់ឈ្មោះ ប៉ូ ចាន់រ៉ា ភេទស្រី អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិកោះក្របី ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ថា កាលពីថ្ងៃទី១៩ ខែឧសភា កន្លងទៅបានបាត់ខ្លួនកូនប្រុសឈ្មោះ ផុន ស្នា អាយុ ៣១ឆ្នាំ នៅគ្រាដែលនាំគ្នាបើកគោយន្តកន្រ្តៃ១គ្រឿង ទៅចំណុចអូរបែកភ្នែក ស្ថិតនៅភូមិក្សត្របុរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដើម្បីទៅដឹកកូនឈើ ។ បណ្ដឹងស្រ្តីដដែលឃើញទៀតថា នៅថ្ងៃខាងលើខ្លួន(ប៉ូ ចាន់រ៉ា)កូនប្រុស«ផុន ស្នា»(បាត់ខ្លួន)ស្នា សីហា ភេទប្រុស អាយុ ៩ឆ្នាំ ត្រូវជាកូន(ផុន ស្នា)បាត់ខ្លួន លាត គឹមញឿន ភេទប្រុស អាយុ ២៧ឆ្នាំ លាត សុខឃឿន ភេទប្រុស អាយុ ៧ឆ្នាំ ត្រូវជាកូន(លាត គឹមញឿន)លាត សុខឃីម ភេទប្រុស អាយុ ១០ឆ្នាំ កូនប្រុស(លាត គឹមញឿន)ដែរ សរុបៈ ចំនួន០៦នាក់ ។ ក្នុងបណ្ដឹងស្រ្តីខាងលើបន្តទៀតថា លុះទៅដល់កន្លែងដឹកកូនឈើខាងលើ ក្មេងៗចំនួន៣នាក់នាំគ្នាទៅបេះផ្លែព្រីងចម្ងាយពីគោយន្តប្រមាណ៦០ម៉ែត្រ ចំណែកកូនប្រុសគាត់(បាត់ខ្លួន)ផុន ស្នា ទៅឆក់ត្រីនៅអូរក្បែរនោះ ដោយឡែក! លាត គឹមញឿន លីកូនឈើដាក់គោយន្ត ពេល(លាត គឹមញឿន)លីកូនឈើពេញគោយន្តក្មេងៗក៏ត្រឡប់មកពីបេះផ្លែព្រីងដែរ ចំណែកកូនប្រុស(ផុន ស្នា)ពុំឃើញត្រឡប់មកវិញទេ ខណៈនោះនាំគ្នាដើររកស្ទើរសព្វទីកន្លែង ប៉ុន្តែរកពុំឃើញក៏សម្រេចនាំគ្នាបើកគោយន្តមកផ្ទះ ឈ្មោះ យ៉ែម ស្រីល័ក្ខ ត្រូវជាប្រពន្ធ ផុន ស្នា(បាត់ខ្លួន)ពឹងអ្នកក្បែរខាងទៅរកបន្តរហូតជិតភ្លឺថ្ងៃបន្ទាប់ ប៉ុន្តែនៅតែមិនឃើញ លុះល្ងាចថ្ងៃទី២១ ខែឆ្នាំដដែល អ្នកកង្វាលគោប្រទះឃើញសពមានសភាពហើយរលួយទៅហើយ ។

យោងរបាយការណ៍សមត្ថកិច្ចចំរុះ(កោសល្យវិច័យ)សពមានសភាពហើមប៉ោង រលួយ រុយរោម  ធុំក្លិនស្អុយ ស្លៀកខោរជើងវែង ពណ៌ប្រផេះ គ្មានអាវ ផ្កាប់មុខក្បាលទៅទិសខាងត្បូង ជើងស្ដាំសណ្ដូកត្រង់ ជើងឆ្វេងអង្កុញលើជើងស្ដាំ ដៃស្ដាំសណ្ដូកត្រង់ ដៃឆ្វេងអង្កុញច្រត់ដី ភ្នែក ច្រមុះ ដង្កូវស៊ីសាច់អស់ លើ.កញ្ចឹងកមានស្នាមដាច់រលាត់ស្បែកដល់ឆ្អឹង ក.ដងខ្លួនគ្មានស្នាម កំភួនដៃស្ដាំមានស្នាមរបួស២កន្លែង ការចាប់យកវត្ថុតាង កន្រ្តកជ័រ ពណ៌ក្រហម១ មានផ្ទុកអាគុយម៉ាក JP ៤០អំព័រ១ ការ៉ុងពណ៌ស មានត្រីខូចគុណភាព១ ឧបករណ៍ឆក់ត្រី និងដងឆក់១កំប្លេរ មួកពណ៌ផ្កាឈូក១ អាវដៃវែង ពណ៌ត្រេអុី១ អាចសន្និដ្ឋាន(ផុន ស្នា)អាចស្លាប់បណ្ដាលមកពី ប៉ះទង្គិចនឹងវត្ថុរឹងមានមុខមុត អាចស្លាប់លើស៤៨ម៉ោងឡើង ហើយការស្លាប់នេះសង្ស័យករណីឃាតកម្ម។

សពធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖