ខេត្តរតនគិរី ៖ នៅព្រឹកថ្ងៃទី២៤ខែឧសភាឆ្នាំ២០២៣នេះកម្លាំងនគរបាលស្រុកវើនសៃបានបញ្ជូនបុរសម្នាក់ទៅសាលាដំបូងខេត្តពាក់ព័ន្ធនឹងករណីបាញ់ច្រឡំត្រូវមិត្តភក្តិបណ្ដាលឱ្យស្លាប់។
ប្រភពបានឱ្យដឹងថា កាលពីវេលាម៉ោងប្រហែល៣និង០០នាទីទៀបភ្លឺ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ មានករណីមនុស្ស ឃាតដោយអចេតនា(បង្កដោយអាវុធ)នៅចំណុចក្នុងព្រៃក្រុមហ៊ុនម៉ាងយ៉ាង ស្ថិតនៅឃុំភ្នំកុក ស្រុកវើនសៃ។
យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ពក់ ធឿន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ដើមគ្រឹង មុខរបរកសិករ រស់នៅភូមិធួយអំពិល ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី។ រីឯជនរងគ្រោះឈ្មោះ ទិន កិ ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរដើមគ្រឹង មុខរបរកសិករ រស់នៅភូមិធួយអំពិល ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី។
ក្នុងរបាយការណ៍បានបញ្ជាក់ថា ក្រោយការឃាត់ខ្លួនជនសង្ស័យ បានដកហូតវត្ថុតាងអាវុធAK47 ១ដើម នៅកន្លែងកើតហេតុក្នុងព្រៃសង្ស័យជាអាវុធបង្កហេតុ។
ប្រភពព័ត៌មានបានឱ្យដឹងថា សមត្ថកិច្ចទទួលបានព័ត៌មាននៅវេលាម៉ោង១១និង៣០នាទីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ពីមេប៉ុស្តិ៍ឃុំចាអ៊ុង រាយការណ៍ថា មានករណីផ្ទុះអាវុធ បណ្ដាលឱ្យស្លាប់ជនរងគ្រោះម្នាក់បន្ទាប់ពីដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យ។
របាយការណ៍បានបញ្ជាក់ទៀតថា កាលពីវេលាម៉ោង០០និង៣០នាទីយប់ ឈានចូលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ជនរងគ្រោះបានបបួលជនសង្ស័យទៅរកបាញ់សត្វនៅចំណុចព្រៃក្បែរក្រុមហ៊ុនម៉ាងយ៉ាង ក្នុងឃុំភ្នំកុក ស្រុកវើនសៃ ខេត្តរតនគិរី។ ពេលទៅ ដល់ទីនោះជនសង្ស័យក៏បានឱ្យជនរងគ្រោះនៅអង្គុយចាំម៉ូតូ ហើយជនសង្ស័យបានចុះតាមអូរទៅរកបាញ់សត្វ។ ក្រោយមកជនសង្ស័យឆ្លុះភ្លើងកូបពិលគ្រវីចុះឡើងក៏ឃើញភ្នែកជនរងគ្រោះស្មានតែភ្នែកសត្វក៏បានលើកកាំភ្លើងបាញ់តែម្តង។ បន្ទាប់មកក៏ឮសំឡេងស្រែកអូយ ជនសង្ស័យបានរត់ទៅមើលឃើញជនរងគ្រោះត្រូវរបួសចំស្មាខាងឆ្វេង ហើយជនសង្ស័យក៏បានយកជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរីដើម្បីព្យាបាល។ ពេលនោះគ្រូពេទ្យក៏បានលាងនិងដេរចំនួន៣ថ្នេរ រួចក៏បានរុំរបួសនោះកុំឱ្យចេញឈាម។
យោងតាមការបញ្ជាក់របស់គ្រូពេទ្យឱ្យដឹងថា ពេលលាងរបួសឃើញមានឈាមហូរចេញពីក្នុងពណ៌ខ្មៅ មិនដឹងថាត្រូវរបួសដោយសារអ្វី។ មួយសន្ទុះក្រោយមកជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់តែម្តង។
យោងតាមការពិនិត្យកន្លែងកើតហេតុនិងចម្លើយសារភាពរបស់ជនសង្ស័យ គឺពីកន្លែងឈរបាញ់មកកន្លែងជនរងគ្រោះ មានសភាពដីជំរាលអូរ បាញ់ពីក្រោមរាងបញ្ឆិតឡើងលើ។
សមត្ថកិច្ចជំនាញបច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលខេត្តបានពិនិត្យនិងធ្វើកោសល្យវិច័យសាកសពមានសភាពរឹង ស្លៀកខោផ្កាឆ្នូត ជើងវែង រឹបចង្កេះ អាវដៃវែង ពណ៌ខ្មៅឆ្នូតស។ ស្លាកស្នាមសមត្ថកិច្ចឃើញនៅត្រង់ចុងស្មាដៃខាងឆ្វេង មានស្នាមរបួសរយះសាច់ទំហំ៤ស.ម.×២.៥ស.ម. ជម្រៅដល់ឆ្អឺង (បែកឆ្អឹងដើមដៃ) ដេរ៣ថ្នេរ មុខរបួសនិងសាច់ក្នុងឡើងពណ៌ខ្មៅ ក្រៅពីនេះពុំស្លាកស្នាមអ្វីទៀតឡើយ។
សមត្ថកិច្ចសន្និដ្ឋានតាមការពិនិត្យសាកសពជនរងគ្រោះពិតជាស្លាប់ដោយសាការបង្កឡើងដោយគ្រាប់កាំភ្លើង ត្រូវរយះសាច់និងបែកឆ្អឹង ហូរឈាមច្រើន បណ្ដាលឱ្យស្លាប់ពិតប្រាកដមែន។
បន្ទាប់មកសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ជូនឱ្យក្រុមគ្រូសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
ដោយឡែក ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ សហការី