ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយរយៈពេល៥ឆ្នាំ កាណាដា និងអារ៉ាប៊ីសាអ៊ូឌីត ឯកភាពភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣បានចេញផ្សាយថា ប្រទេសកាណាដា និងអារ៉ាប៊ីសាអ៊ូឌីតបានព្រមព្រៀងគ្នាស្ដារទំនាក់ទំនងការទូតទាំងស្រុងឡើងវិញ ហើយនឹងតែងតាំងឯកអគ្គរដ្ឋទូតថ្មីរៀងៗខ្លួន ក្រោយពីមានជម្លោះការទូតនឹងគ្នាចាប់តាំងពីឆ្នាំ២០១៨មក។
បើតាមសេចក្ដីថ្លែងការណ៍ចេញផ្សាយដោយរដ្ឋាភិបាលកាណាដា និងអារ៉ាប៊ីសាអ៊ូឌីត ការសម្រេចចិត្តស្ដារទំនាក់ទំនងនឹងគ្នាឡើងវិញកើតមានឡើងបន្ទាប់ពីមានកិច្ចសន្ទនារវាងនាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ឌ្រូដូ នឹងព្រះអង្គម្ចាស់រជ្ជទាយាទ អារ៉ាប៊ីសាអ៊ូឌីត មហាំម៉ាត់ ប៊ីន សាល់ម៉ាន នាឱកាសដែលមេដឹកនាំទាំង២ បានចូលរួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា APEC ក្នុងទីក្រុងបាងកក កាលពីខែវិច្ឆិកា ឆ្នាំ២០២២។ សេចក្ដីថ្លែងការណ៍ ដដែល បានបញ្ជាក់ទៀតថាការសម្រេចចិត្តនេះកើតចេញពីឆន្ទៈរបស់ប្រទេសទាំង២ ដែលចង់ស្ដារទំនាក់ទំនងការទូតឡើងវិញ ដោយផ្អែកលើគោលការណ៍គោរពគ្នាទៅវិញទៅមក និងដើម្បីផលប្រយោជន៍រួម។
គួររំលឹកថា កាលពីឆ្នាំ២០១៨ ភាពតានតឹងរវាងអារ៉ាប៊ីសាអូ៊ឌីត នឹងកាណាដា បានផ្ទុះឡើងខ្លាំង ក្រោយអ្នកកាសែត លោក ចាម៉ាល់ ខាសុកគី (Jamal Khashoggi) ត្រូវបានគេធ្វើឃាត។ ចាប់តាំងពីពេលនោះមក ស្ថានទូតកាណាដា ប្រចាំទីក្រុងរីយ៉ាដ ចាប់ផ្ដើមចេញផ្សាយសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់ជាភាសាអារ៉ាប់ ដោយជំរុញឱ្យអាជ្ញាធរអារ៉ាប៊ីសាអ៊ូឌីត ដោះលែងសកម្មជនការពារសិទ្ធិស្ត្រីជាបន្ទាន់ ដែលនេះបានធ្វើឱ្យទីក្រុងរីយ៉ាដ ខឹងសម្បារហូតដល់កោះហៅ ឯកអគ្គរាជទូតរបស់ខ្លួននៅកាណាដា ត្រឡប់មកស្រុកវិញ និងដាក់ចេញការរឹតត្បិតពាណិជ្ជកម្មជាមួយកាណាដា៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Reuters


ចែករំលែក៖