ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី២៦ខែឧសភាឆ្នាំ២០២៣ សមត្ថកិច្ចនគរបាលបានបញ្ជូនយុវជនម្នាក់ទៅសាលាដំបូងខេត្តដោយជាប់ចោទពីបទចែកចាយរូបអាក្រាត។
សមត្ថកិច្ចឱ្យដឹងថា យុវជនឈ្មោះ ខៃ យីងយុង អាយុ១៩ឆ្នាំ រស់នៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន។ យុវជនរូបនេះបានក្លាយជាជនសង្ស័យមួយរំពេច ដោយសារតែសង្សារកំណាន់ចិត្តរបស់ខ្លួនដែលមានអាយុ១៩ឆ្នាំ ដាក់ពាក្យបណ្ដឹងទៅកាន់សមត្ថកិច្ច ក្រោយយករូបអាក្រាតកាយរបស់នាងទៅបង្ហោះជាសាធារណៈនៅក្នុងបណ្ដាញសង្គម និងផ្ញើចែកចាយទៅកាន់មនុស្សដទៃទៀតដែលជាមិត្តភក្ដិរបស់នាង។
សមត្ថកិច្ចឃាត់ខ្លួនយុវជនខៃ យីងយុង នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ដល់លំនៅឋានតែម្តង ដែលស្ថិតក្នុងភូមិ-ឃុំខាងលើ ក្រោយពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងពីនារីរងគ្រោះ។ សមត្ថកិច្ច បានឱ្យដឹងថា នារីរងគ្រោះបានដាក់ពាក្យប្ដឹងអតីតសង្សាររបស់ខ្លួនឈ្មោះ ខៃ យីងយុង នេះ កាលពីថ្ងៃទី២២ ខែឧសភា ក្រោយពេលឃើញរូបអាក្រាតកាយរបស់នាងត្រូវបានអតីតសង្សាររូបនេះយកទៅបង្ហោះតាមបណ្ដាញសង្គម ដែលមានអាក់ខោនឈ្មោះ «Vann Ying Yung» ហើយថែមទាំងបានផ្ញើរូបអាក្រាតនោះ ចែករំលែកទៅកាន់មិត្តភក្ដិរបស់នាងចំនួន២នាក់ទៀតផង។
ប្រភពដដែលបញ្ជាក់ថា នៅពេលឃើញបែបនេះ នាងក៏ប្រញាប់ទៅដាក់ពាក្យបណ្ដឹងនៅកន្លែងសមត្ថកិច្ច ដើម្បីសុំឱ្យជួយធ្វើអន្តរាគមន៍ចាត់វិធានការតាមផ្លូវច្បាប់ទៅលើអតីតគូស្នេហ៍របស់នាងម្នាក់នេះ។ តើនារីរងគ្រោះបានផ្ដល់ចម្លើយទៅកាន់សមត្ថកិច្ចបែបណាទេ ជុំវិញការឈានដល់ផ្លូវបំបែកជាមួយគូស្នេហ៍វ័យក្មេងខ្ចីរូបនេះ?
បើតាមចម្លើយសារភាពបឋមដែលសមត្ថកិច្ចបានស្រង់សម្តីពីជនសង្ស័យឈ្មោះ ខៃ យីងយុង បានសារភាពថា ខ្ញុំពិតជាបានយករូបអាក្រាតកាយរបស់នាងទៅបង្ហោះក្នុងបណ្ដាញសង្គមរបស់ខ្ញុំមែន ហើយថែមទាំងបានផ្ញើរូបអាក្រាតនោះទៅកាន់មិត្តភក្ដិរបស់នាង២នាក់ទៀតឱ្យបានឃើញទៀតផង។
ជនសង្ស័យរូបនេះបញ្ជាក់ប្រាប់សមត្ថកិច្ចថា ខ្ញុំនិងនារីរងគ្រោះធ្លាប់បានទំនាក់ទំនងស្នេហាជាមួយគ្នាចាប់តាំងពីខែមករា (២០២៣) រហូតមក និងឈានដល់ការរួមមេត្រីបានសម្រេចប្រហែល៥ទៅ៦ដងផងដែរ។ ប៉ុន្តែក្រោយមក ខ្ញុំនិងនាងតែងតែឈ្លោះប្រកែកគ្នាជាបន្តបន្ទាប់ រហូតចុងក្រោយនេះ នាងទទូចសុំបែកគ្នាតែម្ដង»។ ជនសង្ស័យបញ្ជាក់ថា មិនត្រឹមតែសុំបែកផ្លូវគ្នាទេ ប៉ុន្មានថ្ងៃចុងក្រោយនេះ នាងបានប្លុកហ្វេសប៊ុកខ្ញុំចោលទៀត ទើបខ្ញុំសម្រេចចិត្តបង្ហោះរូបអាក្រាតកាយរបស់នាងបែបនេះ។
បើតាមជនសង្ស័យរូបនេះបានអះអាងថា រូបភាពអាក្រាតកាយអតីតសង្សារដែលខ្លួនយកទៅបង្ហោះក្នុងបណ្ដាញសង្គមនោះ ជារូបដែលខ្លួនគេបានថតនៅពេលរួមមេត្រីជាមួយគ្នា។ ជននេះបានបញ្ជាក់ថា មុនពេលខ្លួនបង្ហោះរូបអាក្រាតនោះ ខ្លួនបានផ្ញើតាមឆាតទៅកាន់មិត្តភក្ដិស្រីរបស់នាងចំនួន២នាក់ឱ្យបានឃើញ ហើយក៏ត្រូវនាងប្ដឹងតែម្ដង ៕
ដោយ៖ សហការី