ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន ៖ សន្តិភាពនិងស្ថិរភាពនយោបាយ គឺជាគន្លឹះសម្រាប់ការអភិវឌ្ឍ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំពាវនាវដល់កម្មករកម្មការិនីជាថ្មីម្តងទៀត ឱ្យរួបរួមគ្នាការពារសន្តិភាព និងស្ថិរភាព នយោបាយដែលជាគន្លឹះនៃការអភិវឌ្ឍ។ សម្តេចមានប្រសាសន៍បែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅក្នុងតំបន់ សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (ROYAL GROUP PIINOM PENH SEZ) សរុបចំនួន ១៩.០០០នាក់ មកពីរោងចក្រ ម៉ាវ៉ល ហ្គាមិន (Marvel Garment), Rongwing Garment និង រោងចក្រ DNQIAN TEXTILE CAMBODIA នាព្រឹកថ្ងៃសុក្រទី២៦ ខែឧសភា ឆ្នាំ២០២៣ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ម្ចាស់សហគ្រាស រោងចក្រ ត្រូវប្រែក្លាយរោងចក្រសហគ្រាស ឱ្យក្លាយទៅជាសហគមន៍សុខសាន្តមួយសម្រាប់និយោជកនិងកម្មករនិយោជិត។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យភាគីម្ចាស់រោងចក្រសហគ្រាស គិតគូរពីសុខទុក្ខ និងសុខភាពរបស់កម្មករកម្មការិនី និងការបណ្តុះបណ្តាលបន្ថែមទៅដល់ពួកគេផងដែរ។ 

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញឲ្យម្ចាស់រោងចក្រមានការយកចិត្តទុកដាក់ទៅលើកម្មករ ដោយថាប្រសិនជាកម្មករទទួលបានទៅនៅការថែទាំមានសុវត្ថិភាពល្អនោះនឹងផ្ដល់ប្រយោជន៍ទៅដល់រោងចក្រវិញ។

នាយករដ្ឋមន្ត្រីបានលើកឡើងដោយជំរុញឲ្យមានការដោះស្រាយនូវវិវាទំនាស់នៅក្នុងរោងចក្រឲ្យបានឆាប់ផងដែរប្រសិនជាមានការកើតឡើង។

សម្ដេចថា៖ «ដោះស្រាយឱ្យស្រូត! មានតែគោលការណ៍ឈ្នះៗប៉ុណ្ណោះដែលអាចដោះស្រាយបាន។ ហើយជៀសវាងតាមផ្លូវតុលាការ»។

ជាមួយគ្នាសម្ដេចក៏ជំរុញឲ្យមានការបណ្ដុះបណ្ដាលបន្ថែមដល់កម្មករកម្មការិនីនៅក្នុងរោងចក្រផងដែរ។

សម្ដេចតេជោលើកឡើងបែបនេះក្នុងពិធីជួបជាមួយនឹងកម្មករកម្មការិនីជិត ២ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣៕

ដោយ ៖ សហការី


ចែករំលែក៖