ព័ត៌មានទាន់ហេតុការណ៍៖

ឃុំខ្លួនថៅកែដីឡូត៍ឈ្មោះ គឹម ចាន់រតនា ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពីបទ.កំហែងយក និងគំរាមកំហែងហែកកេរ្តិ៍

ចែករំលែក៖

ភ្នំពេញ ៖ ថៅកែដីឡូត៍ឈ្មោះ គឹម ចាន់រតនា ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ពីបទកំហែងយក និងគំរាមកំហែងហែកកេរ្តិ៍។

ថៅកែរកស៊ីពុះដីឡូត៍លក់ម្នាក់នេះ ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ តាមដីកាបង្គាប់ឲ្យនាំខ្លួន របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធពីបទ.កំហែងយក និងបទ.គំរាមកំហែងហែកកេរ្តិ៍ ។ 

តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោកស្រី សាយ ស្រីល័ក្ខណ៍ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ គឹម ចាន់រតនា ភេទប្រុស អាយុ៣១ ឆ្នាំ មុខរបរ អាជីវករ មានទីលំនៅផ្លូវលំ ភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានចោទប្រកាន់ពីបទ.កំហែងយក និងបទ.គំរាម កំហែងហែកកេរ្តិ៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៣ ដែលបទល្មើសព្រហ្មទណ្ឌមានចែងឲ្យផ្តន្ទាទោសតាមបញ្ញតិមាត្រា ៣៦៣ មាត្រា ៣៦៤ មាត្រា ៣៧២ និងមាត្រា ៣៧៣ នៃក្រមព្រហ្មទណ្ឌ ។ អង្គហេតុនៃការនាំខ្លួនថៅកែពុះដីឡូត៍លក់ខាងលើនេះ ត្រូវបានសមត្តកិច្ចបង្ហើបឲ្យដឹងថា ដើមបណ្តឹងឈ្មោះ ង៉ែត ចំរើន ភេទប្រុស អាយុ៣៥ ឆ្នាំ តំណាងឲ្យក្រុមហ៊ុនដ្រេហ្គនស៊ីឌី បានប្តឹងចោទប្រកាន់ឈ្មោះ គឹម ចាន់រតនា ថា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២២ ជនសង្ស័យបានទិញបេតុងលាយស្រេចពីក្រុមហ៊ុន ដ្រេហ្គនស៊ីឌី គិតជាទឹកប្រាក់ ២.៨៤០ ដុល្លារអាមេរិក ។ ក្រោយពេលចាក់បេតុងនោះរួចភ្លាមជនសង្ស័យមិនបានទូទាត់ប្រាក់ឲ្យក្រុមហ៊ុនទេ បន្ទាប់មកបុគ្គលិកទទួលផ្នែកទីផ្សាររបស់ក្រុមហ៊ុន បានទាក់ទងទូរស័ព្ទតាមប្រព័ន្ធតេឡេក្រាមជាច្រើនលើក ទៅឈ្មោះ គឹម ចាន់រតនា ដើម្បីឲ្យយកប្រាក់មកទូទាត់ជាមួយក្រុមហ៊ុន ប៉ុន្តែជនសង្ស័យយកលេសដោះសារ និងគេចវេសពីបំណុលនោះរហូត ។ លុះដល់ថ្ងៃទី២ ទី៣ និងទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឈ្មោះ គឺម ចាន់រតនា បានប្រើគណនីសង្គមហ្វេសប៊ុក និងគណនីតេឡេ ក្រាម ធ្វើការបង្ហោះព័ត៌មានមិនពិតជេរប្រមាថ មើលងាយបុគ្គលិកទីផ្សារ ក្រោមការ គំរាមកំហែងហែកកេរ្តិ៍ និងកំហែងយក ដោយប្រើប្រាស់ពាក្យសំដីអសុរោះជាច្រើនទៀត ដែលធ្វើឲ្យភាគីដើមបណ្តឹងមិនអាចទទួលយកបាន ។ យល់ឃើញថា សកម្មភាព និងទង្វើរបស់ជនសង្ស័យ បានប្រព្រឹត្តខុសឆ្គងទៅលើម្ចាស់បំណុល ជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ ទើបត្រូវបានភាគីដើមបណ្តឹង ដាក់ពាក្យប្តឹងទៅសមត្តកិច្ច ឲ្យជួយចាត់ការលើថៅកែពុះដីឡូត៍លក់រូបនោះតាមផ្លូវច្បាប់ ។ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ទើបតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការចោទប្រកាន់ជនសង្ស័យជាផ្លូវការ រួចចាត់បញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីបន្តនីតិវិធី ទីបំផុតជនសង្ស័យត្រូវបានកម្លាំងសមត្តកិច្ចនគរបាលខណ្ឌសែនសុខចាប់ខ្លួន និងត្រៀមនាំទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នេះ ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖