ព័ត៌មានទាន់ហេតុការណ៍៖

នាចុងសប្តាហ៍នេះយន្តហោះដឹកអ្នកដំណើរ C919 ផលិតដោយប្រទេសចិន នឹងហោះហើរ ពាណិជ្ជកម្មលើកដំបូង

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣ បានផ្សាយថា កម្មវិធីរបស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បានបង្ហាញនៅថ្ងៃសុក្រនេះថា ក្រុមហ៊ុនកំពុងត្រៀមខ្លួនធ្វើប្រតិបត្តិការជើងហោះហើរពាណិជ្ជកម្មលើកដំបូង នៃយន្តហោះដឹកអ្នកដំណើរ C919 ដែលចិនផលិតនៅក្នុងស្រុកផ្ទាល់ នាថ្ងៃអាទិត្យចុងសប្តាហ៍នេះ។
ជើងហោះហើរពាណិជ្ជកម្មលើកទីមួយ របស់យន្តហោះ C919 នឹងចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិ ហុងឈាវ (Hongqiao) នៃទីក្រុងសៀងហៃ នៅម៉ោង១០៖៤៥នាទីព្រឹកថ្ងៃអាទិត្យ (ម៉ោងនៅប៉េកាំង) ហើយទៅដល់អាកាសយានដ្ឋានអន្តរជាតិ កាពីតាល់ (Capital) នៃទីក្រុងប៉េកាំង នៅម៉ោង១៖១០នាទីរសៀល។ ការចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្មរបស់ C919 នឹងបម្រើជាជោគជ័យមួយ សម្រាប់ក្តីសង្ឃឹមរបស់ប្រទេសចិន ដែលរំពឹងចង់ឱ្យយន្តហោះអ្នកដំណើររបស់ខ្លួននេះ នឹងអាចប្រជែងជាមួយយន្តហោះ Boeing និង Airbus ដែលបានគ្រប់គ្រងលើ ទីផ្សារឧស្សាហកម្មផលិតយន្តហោះអ្នកដំណើររបស់ពិភពលោក អស់រយៈពេលជាយូរណាស់មកហើយ។
កន្លងមក យន្តហោះ C919 ដែលផលិតដោយក្រុមហ៊ុនចិន COMAC ដើម្បីប្រជែងជាមួយត្រកូលយន្តហោះ A320neo របស់ក្រុមហ៊ុនអឺរ៉ុប Airbus និងត្រកូលយន្តហោះ 737 MAX របស់ក្រុមហ៊ុនអាមេរិក Boeing គឺបានឆ្លងកាត់ការធ្វើតេស្តហោះហើរ ដោយគ្មានអ្នកដំណើរច្រើនជើងមកហើយ។ កាលពីខែមីនា ឆ្នាំ២០២១ អាកាសចរណ៍ China Easter បានចុះកិច្ចសន្យាសម្រាប់យន្តហោះ C919 ចំនួន៥គ្រឿង ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មដំបូងបង្អស់នៃយន្តហោះដឹកអ្នកដំណើរនេះ ហើយក្រុមហ៊ុនទទួលបាន១គ្រឿងដំបូង កាលពីខែធ្នូ ឆ្នាំ២០២២។ ខណៈយន្តហោះ C919 ត្រូវបានដំឡើងនៅក្នុងប្រទេសចិនទាំងស្រុងក៏ដោយ ក៏វាពឹងផ្អែកភាគច្រើនទៅលើសមាសធាតុគ្រឿងរបស់លោកខាងលិច រួមមានទាំងម៉ាស៉ីននិងប្រព័ន្ធអេឡិចត្រូនិក៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ Eastern Airlines)


ចែករំលែក៖