ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ខ្សែកផ្លាកទីន​ បានសម្រេចគេចខ្លួនបានមួយអាទិត្យ​ ត្រូវនគរបាលខណ្ឌដង្កោ​ តាមក្របួចជាប់

ចែករំលែក៖

     ភ្នំពេញ​ ៖​ កម្លាំងនគរបាលព្រហ្មទណ្ឌ​ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ បានធ្វេីការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់​ នៅវេលាម៉ោង០៦និង៣០នាទីព្រឹក​ ថ្ងៃទី២៧​ ខែឧសភា​ ឆ្នាំ​២០២៣​នេះ​ បន្ទាប់ពីជននេះបានជិះម៉ូតូមួយគ្រឿងធ្វេីសកម្មភាពឆក់ខ្សែកផ្លាកទីនពីស្ត្រីម្នាក់បានសម្រេច​ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣​ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ 

   នគរបាលខណ្ឌដង្កោ​ បានឱ្យដឹងថា​ ជនរងគ្រោះឈ្មោះ ទូច ស៊ីណេ ភេទស្រី អាយុ៣៩ឆ្នាំ នៅថ្ងៃកេីតហេតុ​ រូបនាងបានដើរចេញពីបន្ទប់ជួលទៅទិញបាយដែលមានចំងាយពីផ្ទះជួលប្រវែង២០០ម៉ែត្រ ពេលទិញបាយរួចក៏ដើរត្រឡប់មកបន្ទប់ជួលវិញ​ ខណៈជិតដល់បន្ទប់ជួល ស្រាប់តែមានជនសង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណភេទប្រុស ជិះម៉ូតូ០១គ្រឿង ម៉ាកស្កូពី ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ1JX-8157 មកពីក្រោយជនរងគ្រោះ រួចធ្វើសកម្មភាព ឆក់ខ្សែកផ្លាកទីនទម្ងន់០៤ជី របស់ជនរងគ្រោះបានសម្រេច ហើយបើកម៉ូតូគេចខ្លួនបាត់ ។ 

    បន្ទាប់មកជនរងគ្រោះ ក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រ ឱ្យសមត្ថកិច្ចជួយ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។ 

    ក្រោយមកសមត្ថកិច្ចជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ឆែកកាមេរ៉ា សុវត្ថិភាពបានឃើញជនសង្ស័យធ្វើ សកម្មភាពឆក់ខ្សែក របស់ ជនរងគ្រោះ នៅវេលាម៉ោង០៦និង២៥នាទី ថ្ងៃទី២០ ខែឧសភាឆ្នាំ២០២៣ រួចសមត្ថកិច្ចក៏កំណត់បាន ភិន ភាគជនសង្ស័យ និងម៉ូតូដែល ជនសង្ស័យជិះធ្វើសកម្មភាព។  រហូតដល់ថ្ងៃ២៧ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង០៦និង៣០នាទីព្រឹក សមត្ថកិច្ចជំនាញបានធ្វើការ ស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ តេង បញ្ញា ភេទប្រុស អាយុ២៦ឆ្នាំ រួមនិងវត្ថុតាង ម៉ូតូម៉ាកហុងដា ស្កូពី ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ1JX-8157 មានលេខតួ និងលេខម៉ាស៊ីន 8342320 ចំនួន ០១គ្រឿង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រតាមនីតិវីធីច្បាប់។ 

    ក្រោយពីធ្វើការសាកសួរ ជនសង្ស័យខាងលេី បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាព ឆក់ខ្សែក របស់ជនរងគ្រោះប្រាកដមែន ។ បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យ ហើយមានការសម្រប សម្រួលពី លោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានអនុញ្ញាតឱ្យ សមត្ថកិច្ច ឃាត់ខ្លួន ជនសង្ស័យ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖