ជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសចិន រុស្ស៊ីបានបញ្ជាក់ថា អ៊ុយក្រែនមិនចង់ពិភាក្សាស្វែងរកសន្តិភាពនោះឡើយ ។ នៅថ្ងៃទី២៦ខែឧសភា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានបញ្ជាក់ថា អ៊ុយក្រែនមិនចង់ពិភាក្សាសន្តិភាពនោះឡើយ។
សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០២៣ បានផ្សាយថា រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានប្រាប់បេសកជនពិសេសរបស់ប្រទេសចិន គឺលោក លី ហ៊ុយ (Li Hui) ថា នៅមានឧបសគ្គធំៗដែលកំពុងបន្តរារាំងឱកាសនៃការបន្តកិច្ចចរចាស្វែងរកសន្តិភាពឡើងវិញ ដោយលោកបានបន្ទោសទៅលើអ៊ុយក្រែន និងក្រុមប្រទេសលោកខាងលិច។
ក្រសួងការបរទេសរុស្ស៉ី បានចេញសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «លោករដ្ឋមន្រ្តីការបរទេសរុស្ស៉ី បានគូសបញ្ជាក់ជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់ទីក្រុងមូស្គូ ចំពោះការស្វែងរកដំណោះស្រាយតាមផ្លូវការទូត សម្រាប់ជម្លោះនៅអ៊ុយក្រែន ដោយលោកបានកត់សម្គាល់អំពីឧបសគ្គធំៗ ដែលកំពុងរារាំងឱកាសដើម្បីបន្តការចរចាសន្តិភាពឡើងវិញ ខណៈដែលពួកគេត្រូវបានបង្កើតឡើងអ៊ុយក្រែននិងក្រុមប្រទេសលោកខាងលិច»។ អំឡុងជំនួបជាមួយលោក លី ដែលធ្លាប់កាន់តួនាទីជាឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសរុស្ស៉ី កាលពីចន្លោះឆ្នាំ២០០៩-២០១៩ លោក ឡាវរ៉ូវ ក៏បានស្ងើចសរសើរចំពោះ គោលជំហរដែលមានតុល្យភាពរបស់ទីក្រុងប៉េកាំងជុំវិញបញ្ហាអ៊ុយក្រែនផងដែរ។
ក្នុងនាមជាប្រទេសមហាអំណាចដ៏មានឥទ្ធិពលមួយនៅលើពិភពលោក ចិនកំពុងព្យាយាមដើរតួជាអ្នកសម្រុះសម្រួលជម្លោះអ៊ុយក្រែន ដែលបានអូសបន្លាយជាងមួយឆ្នាំមកហើយ។ ដំណើរទស្សនកិច្ចរបស់បេសកជនពិសេសចិនខាងលើ នៅរដ្ឋធានីមូស្គូនៃប្រទេសរុស្ស៉ីកើតមានឡើងបន្ទាប់ពីលោក លី បានជួបប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី នៅឯទីក្រុងកៀវកាលពីសប្តាហ៍មុន៕ ដោយ៖ ធីរីណា
រូបថត ៖ quochoitv