ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ សូមធ្វើការកត់សម្គាល់អំពីការបញ្ចេញមតិយោបល់ជាច្រើនជុំវិញបរិយាកាសនយោបាយរបស់កម្ពុជាក្នុងកិច្ចដំណើរការឆ្ពោះទៅកាន់ការបោះឆ្នោតជាតិនាខែកក្កដា។ អាស្រ័យដោយការ អធិប្បាយមួយចំនួនបានបង្កឱ្យមានការភាន់ច្រលំ ធ្វើឡើងដោយគ្មានមូលដ្ឋានការណ៍ពិត និងមានលក្ខណៈលំអៀងក្រោមហេតុផលនយោបាយ អ្នកនាំពាក្យក្រសួងការបរទេសមានកាតព្វកិច្ចផ្ដល់ការបកស្រាយបំភ្លឺដូចតទៅ៖
១- ការលើកឡើងថា គណបក្សភ្លើងទៀន ត្រូវបានរារាំងមិនអោយចូលរួមក្នុងការបោះឆ្នោតជាតិនាខែកក្កដា គឺមិនត្រឹមត្រូវ។ ការណ៍ពិត គណបក្សនយោបាយនេះពុំបានគោរពឱ្យបាន ហ្មត់ចត់តាមច្បាប់បោះឆ្នោត ទោះបីជាមានសេចក្តីជូនដំណឹង និងការណែនាំជាច្រើនលើកច្រើនសារបស់អាជ្ញាធរមានសមត្ថកិច្ចយ៉ាងណាក៏ដោយ ការខកខានមិនអនុវត្តតាមដំណើរការចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត គឺជាការទទួលខុសត្រូវរបស់គណបក្សនេះខ្លួនឯង ក្នុងនាមជាគណបក្សដែលបានដាក់ពាក្យស្នើសុំ។
២- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទទួលខុសត្រូវក្នុងការអនុវត្តដំណើរការបោះឆ្នោត ដោយប្រើប្រាស់
ស្ដង់ដារតែមួយ និងផ្អែកលើមូលដ្ឋាននៃគោលការណ៍យុត្តិធម៌ សមភាព និងនីតិវិធីត្រឹមត្រូវ ដូចដែលស្ថាប័នគ្រប់គ្រងការបោះឆ្នោតនៅក្នុងបណ្ដាប្រទេសដទៃ ផ្សេងទៀតអនុវត្តដោយគោរពតាមនីតិរដ្ឋ។ ប្រសិនបើគណបក្សនយោបាយ១៨ផ្សេងទៀតគោរពតាមដំណើរការចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត នោះគណបក្សដែល មិនគោរពច្បាប់មិនគួរទទួលបានបុព្វសិទ្ធិពិសេសឡើយ ដើម្បីភាពយុត្តិធម៌សម្រាប់គ្រប់គណបក្សទាំងអស់។ ការអនុញ្ញាតឱ្យមានបុព្វសិទ្ធិពិសេសណាមួយនឹងត្រូវចាត់ទុកថាជាការអនុវត្តស្តង់ដារពីរ។ គណបក្សមហាសាមគ្គីជាតិខ្មែរ គឺជាគណបក្សនយោបាយមួយទៀតដែលពុំបានបំពេញកាតព្វកិច្ចដាក់ឯកសារគ្រប់គ្រាន់ ប៉ុន្តែគណបក្សនេះបាន ប្រកាសទទួលយកដោយសុច្ឆន្ទៈនូវសេចក្តីសម្រេចរបស់អាជ្ញាធរពាក់ព័ន្ធ។
៣- កម្ពុជាប្តេជ្ញាចិត្តឥតងាករេចំពោះការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ល្គឹកណា គ្រប់គណបក្សនយោបាយទាំងអស់អនុវត្តសិទ្ធិក្នុងរង្វង់ដែនកំណត់នៃច្បាប់នោះទើបបរិយាកាសអំណោយផលដល់ការបោះឆ្នោតអាចធានាបាន។ មិនមែនសិទ្ធិទាំងអស់ មានលក្ខណៈដាច់ខាតឡើយ ហើយឧក្រិដ្ឋកម្មមួយមិនអាចធ្វើយុត្តិកម្ម ជាការតស៊ូ ផ្នែកសីលធម៌ ដើម្បីការពារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនោះទេ។ អវត្ដមានគណបក្សនយោបាយចំនួនពីរ ពីដំណើរការបោះឆ្នោត ដោយសារតែការមិនគោរពតាមច្បាប់ មិនធ្វើឱ្យប៉ះពាល់ដល់ភាពសេរីនិយម ពហុនិយម និងលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាឡើយ។
៤- ចំពោះវត្តមានរបស់អ្នកសង្កេតការណ៍បោះឆ្នោតវិញ កម្ពុជាសូមស្វាគមន៍គ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលមានចំណាប់អារម្មណ៍ ដើម្បីអញ្ជើញមកចូលរួមធ្វើជាសាក្សីដោយផ្ទាល់នៅក្នុងដំណើរការបោះឆ្នោត។ ជារដ្ឋអធិបតេយ្យមួយ សំឡេងឆ្នោតរបស់ប្រជាពលរដ្ឋកម្ពុជា ត្រូវតែគោរពតាម ហើយសេចក្ដីអញ្ជើញជាចំហនេះបង្ហាញឱ្យឃើញអំពីសុច្ឆន្ទៈ និងភាពបើកចំហរបស់កម្ពុជាចំពោះពិភពលោកខាងក្រៅ៕
ដោយ ៖ សិលា