ខេត្តកណ្តាល ៖ ថ្ងៃសៅរ៍ ៨កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៣ ក្រុមការងារទទួលបន្ទុកប្រជាការពារស្រុកពញាឮ តំណាងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ រួមជាមួយ អស់លោក ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ បានអញ្ជើញជួបសំណេះសំណាលជាមួយ បងប្អូនប្រជាការពារក្នុងឃុំចំនួន ០៣ របស់ស្រុកពញាឮ មានឃុំឈ្វាំង ឃុំជ្រៃលាស់ និងឃុំទំនប់ធំ សរុប ៨៥១ នាក់ ។
មានមតិសំណេះសំណាលនាឱកាសនេះ តំណាងរបស់លោករដ្ឋមន្រ្តី បាននាំពាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ លោករដ្ឋមន្រ្តី ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ និងជាពិសេស ចំពោះបងប្អូនប្រជាការពារទាំងអស់ក្នុងស្រុកពញាឮ ។ ប្រជាការពារ ត្រូវមានភាពស្មោះត្រង់ សាមគ្គីភាពផ្ទៃក្នុង មានទំនាក់ទំនងល្អជាមួយសហគមន៍ និងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយបានសហការយ៉ាងល្អប្រសើរជាមួយនឹងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីភូមិឃុំយើងមានសុវត្ថិភាព សន្តិសុខ និងបរិស្ថានល្អ ក្នុងមូលដ្ឋាននីមួយៗ ។ ទោះបីប្រជាការពារបម្រើការងារដោយស្ម័គចិត្ត ប៉ុន្តែបានជួយដល់កងកម្លាំងមួយផ្នែកធំ ដូចជាដើរល្បាត ការពារ រៀបចំសណ្តាប់ធ្នាប់ និងជួយសម្អាតអនាម័យបរិស្ថានបានល្អថែមទៀតផង ជាពិសេស ប្រជាការពារ មានតួនាទីស្នូលក្នុងការជួយការពារដំណើការ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ។ ក្រុមការងារបានឧបត្ថម្ភថវិកាលើកទី ២ របស់ឯកឧត្តមរដ្ឋមន្រ្តី ដោយក្នុងម្នាក់ៗទទួលបានចំនួន ៤ ម៉ឺនរៀល ៕
ដោយ ៖ សិលា