ព័ត៌មានទាន់ហេតុការណ៍៖

តុលាការសម្រេចឃុំខ្លួនឃាតកចាក់សម្លាប់ប៉ូលិសនៅបុរីកីឡាពីបទអំពើឃាតកម្ម

ចែករំលែក៖

ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញនាល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីបើកការស៊ើបសួរលើសំណុំរឿងជនត្រូវចោទពាក់ព័ន្ធបទល្មើសសម្លាប់មនុស្ស ក៏បានសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពីបទសម្លាប់មនុស្ស ដោយប្រើអាវុធចុងស្រួច។

    សូមបញ្ជាក់ថា កម្លាំងជំនាញបានបេីកការស្រាវជ្រាវរហូតដល់ថ្ងៃទី២៥ខែឧសភាឆ្នាំ២០២៣ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ​ សាន​ ចាន់គឹមហុង នៅត្រង់ចំណុច​ភូមិទ្រុងមាន់​ សង្កាត់អូរបែកក្អម​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។

    គួររំលឹកដែរថា កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោងប្រហែល២១និង២៥នាទី ឈ្មោះ សាន ចាន់គឹមហុង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ បានធ្វើសកម្មភាពចាក់សម្លាប់ទៅលើជនរងគ្រោះឈ្មោះ យឺន សំណាង ហៅសំណាង ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ ហើយក្រោយពីធ្វើសកម្មភាពរួច ជនល្មើសបានរត់គេចខ្លួនបាត់ ។

    លុះមកដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៧ និង១៥នាទី កម្លាំងជំនាញរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានចាប់ខ្លួនឈ្មោះ សាន ចាន់គឹមហុង ពីបទ ឃាតកម្ម តាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ១៤៨៧ “ក១”.ដ.ច.ន ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ របស់លោក ហុក ពៅ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ។

បច្ចុប្បន្ន ជនត្រូវចោទរូបនេះត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖