ភ្នំពេញ៖ ក្រសួងបរិស្ថាន បានដកស្រង់ចេញផ្សាយពីសៀវភៅមគ្គុទេសក៏ស្តីពីបន្លែនៅប្រទេសកម្ពុជា ថា៖ ចេកជ្វា ចេកគ្រាប់ – Wild starchy banana។ ចេកជ្វា ៖ ជារុក្ខជាតិ ដែលគេនិយមដាំនៅតាមស្រុកស្រែ ចម្ការ ដើម្បីយក ដើម ត្រយូង ផ្លែខ្ចី និងស្លឹក មកធ្វើជាបន្ល និងប្រើប្រាស់ក្នុងការវេចខ្ចប់ វាមានប្រភពដើមនៅទ្វីបអាស៊ី និងកោះនៃអូសេអានីក្នុងមហាសមុទ្រប៉ាស៊ីហ្វីក។
លក្ខណៈរូបសាស្រ្ត៖ តិណជាតិ (herbaceous) តួដើមគ្មានសាច់ឈើ ដើមមូលវែង មានកម្ពស់ ៣-៥ម មានស្រទាប់ និងជាតិទឹកច្រើន។ ស្លឹកធំវែង ផ្ទៃស្លឹកខាងលើពណ៌បៃតងចាស់ ផ្ទៃស្លឹក ខាងក្រោមមានម្សៅពណ៌ស។ ទងទ្រកញ្ចុំផ្កាមានប្រវែង ៣០-៦០ស.ម។ កញ្ចុំផ្កាជា កួរ (spike) កោងចុះក្រោម មានស្ទប (bract) ពណ៌ក្រហមស្រស់ មានម្សៅពណ៌ស នៅផ្ទៃក្រៅ។ ស្ទបផ្កាញីតែងជ្រុះ ស្ទបផ្កាឈ្មោលមិនជ្រុះទេ។ នៅផ្នែកក្រោមនៃស្ទង មានផ្កាញី តម្រៀបជា ២ជួរ នៅផ្នែកកណ្តាលមានផ្កាទ្វេភេទ ដល់ចាស់ជ្រុះអស់ នៅផ្នែកលើ មានផ្កាឈ្មោលច្រើន ១៥-២០ ពណ៌ផ្កាឈូក តម្រៀបជា ២ជួរ។ ផ្លែបន្តគ្នា ផ្លែនីមួយៗមានទងប្រវែង១-២ស.ម អាចមាន៣-៦ស្និត ផ្លែមានគ្រាប់ច្រើន។
លក្ខណៈជីវសាស្រ្ត៖ ប្រភេទនេះបង្កាត់ជាមួយប្រភេទ Musa acuminata អាចឱ្យប្រភេទកាត់ Musa x paradisiaca ដែលឱ្យផ្លែចេកគ្មានគ្រាប់ ហើយមនុស្សទូទៅបរិភោគជាធម្មតារៀង រាល់ថ្ងៃ។ ដើមមានផ្លែតែ១ដងទេ ហើយងាប់។ កូនដើមដុះចេញពីគល់ នេះជាការ បន្តពូជប្រកបដោយនិរន្តភាពនៃដើមចេក។
លក្ខណៈអេកូឡូស៊ី៖ ដុះនៅតាមតំបន់ក្តៅបង្គួរ ជាដំណាំបង្កាត់ពូជច្រើនដំណ។
ការប្រើប្រាស់៖ ជាបន្លែ៖ ដើមសម្រាប់ធ្វើបន្លែអន្លក់ និងចំណីសត្វ។ ត្រយូងធ្វើជាបន្លែ និងផ្លែខ្ចី សម្រាប់ធ្វើជ្រក់។ ស្លឹកសម្រាប់វេចនំ និងខ្ចប់របស់ផ្សេងៗ។ ជាឱសថ៖ ផ្លែខ្ចីសម្រាប់ព្យាបាលអាការៈមិនរលាយអាហារ ផ្លែទុំសម្រាប់ព្យាបាលទល់ លាមក ឬខ្សោយកម្លាំង។ ដើមព្យាបាលជំងឺទឹកនោមផ្អែម៕

ដោយ៖សហការី
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច