ភ្នំពេញ ៖ កីឡាការិនី ស្រួង ភាវី ដែលដណ្តើមមេដាយមាស ១គ្រឿង មេដាយសំរិទ្ធ ១គ្រឿង ជូនជាតិ ហើយជាកីឡាការិនី មួយរូប ពោរពេញដោយបេះដូង ស្រឡាញ់ប្រទេសជាតិ ស្រុកកំណើត ជាកូនខ្មែរ មានចិត្តសប្បុរសធម៌ និងពាំនាំប្រាប់ពិភពលោក ពីកម្ពុជា មានសន្តិភាព មានការអភិវឌ្ឍន៍ រីកចម្រើន អ្នកស្រីបានចុះកុងត្រាជាមួយក្រុមហ៊ុនអាកាសចរណ៍ ស្កាយអង្គរ SKY ANGKOR ក្នុងនាមជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន ! នេះបើយោងតាម Facebook ផ្លូវការ របស់ ភាវី បានបង្ហោះនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។
កីឡាការិនី ស្រួង ភាវី បានសរសេរថា ៖
សូមជម្រាបពុកម៉ែបងប្អូន!
នាងខ្ញុំបានចុះកុងត្រាជាមួយក្រុមហ៊ុនអាកាសចរណ៍ ស្កាយអង្គរ SKY ANGKOR ក្នុងនាមជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន។
ការចុះកុងត្រានេះខ្ញុំមិនយកប្រាក់សម្រាប់ខ្លួនឯងទេ គឺខ្ញុំបានបង្វិលទៅជាកិច្ចការសប្បុរសធម៌វិញ។ គឺថាប្រសិនបើខ្ញុំត្រូវមានកិច្ចការសប្បុរសធម៌ត្រូវធ្វើ ឬមានប្អូនៗ ក៏ដូចជាប្រជាជនខ្មែរយើងដែលមានជីវភាពខ្វះខាត ហើយត្រូវបានអង្គការសប្បុរសធម៌របស់នាងខ្ញុំធានាពួកគាត់មកព្យាបាលជំងឺនៅប្រទេសកូរ៉េ គឺមិនតម្រូវឱ្យយកប្រាក់ពីពួកគាត់ឡេីយ។
អ្នកស្រីបន្តថា ៖ ការស្នើលក្ខខណ្ឌរបស់នាងខ្ញុំនេះ គឺបានខាងក្រុមហ៊ុនទទួលយល់ព្រមដោយសេចក្ដីសោមនស្សរីករាយទាំងអស់គ្នា។
ខ្ញុំមានខ្លួនតែមួយ រាល់កិច្ចការដែលខ្ញុំទទួលធ្វើទាំងអស់គឺជាអម្រែកដ៏ធំធេង ប៉ុន្តែការលះបង់ទាំងប៉ុន្មានរបស់ខ្ញុំវាមានតម្លៃធំធេងពេកសម្រាប់ប្រទេសក៏ដូចជាប្រជាជនខ្ញុំ ទេីបធ្វើឱ្យខ្ញុំញញឹមទទួលធ្វើទាំងដឹងថាវាជាអម្រែកដ៏ធំធេង🙏🙏🙏៕
ដោយ ៖ សិលា