ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ករណីជួញដូរគ្រឿងញៀនតាមកញ្ចប់បញ្ញើប្រៃសណីយ៍ជាង៥គីឡូក្រាម និងសារធាតុមិនច្បាស់ជាង២គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ៖ អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ បានឱ្យដឹងនៅរសៀលថ្ងៃ​ទី៣០​ ខែឧសភា​ ឆ្នាំ​២០២៣​នេះថា៖​ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរគ្រឿងញៀនតាមកញ្ចប់បញ្ញើប្រៃសណីយ៍ជាង៥គីឡូក្រាម និងសារធាតុមិនច្បាស់ជាង២គីឡូក្រាម។ 

ក្នុងប្រតិបត្តិការនោះ​អនុវត្តតាមបញ្ជា លោកនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង៩ព្រឹក កម្លាំងការិយាល័យរដ្ឋបាល សរុប(ក១) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ លោកវរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនៈ នាយករងមន្ទីរ  និងសម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយគយប្រចាំនៅប្រៃសណីយ៍ភ្នំពេញ និងនាយកដ្ឋានសន្តិសុខផ្ទៃក្នុង បានត្រួតពិនិត្យកញ្ចប់បញ្ញើសង្ស័យ។ 

លុះនៅវេលាម៉ោង១២និង៣៥នាទីថ្ងៃដដែល ក៏ឈានទៅឃាត់ខ្លួនអ្នកមកទទួលកញ្ចប់បញ្ញើ នៅចំណុចបន្ទប់លេខ B1B ជាន់ទី១១ ខុនដូ BALI ផ្លូវ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ជនសង្ស័យឈ្មោះ វ៉ូ ហ្វាងម៊ិញ (VU QUANG MINH)   ភេទប្រុស ជនជាតិវៀតណាម កើតនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ១៩៨៤ និងចាប់យកគ្រឿងញៀនរួមមាន ៖

១-គ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់ ៤,២១២ក្រាម (បួនគីឡូក្រាម និងពីររយដប់ពីរក្រាម) 

២-គ្រឿងញៀនប្រភេទអ៊ិចស្តាស៊ី (MDMA) ទម្ងន់ ១,០១៨ក្រាម (មួយគីឡូក្រាម និងដប់ប្រាំបីក្រាម)

៣-សារធាតុមិនច្បាស់ ទម្ងន់ ២,១៤៦ ក្រាម (ពីរគីឡូក្រាម និងមួយរយសែសិបប្រាំមួយក្រាម)។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធីច្បាប់៕

ដោយ​៖សហការី​


ចែករំលែក៖