ភ្នំពេញ៖ ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃព្រហស្បតិ៍ទី០១ ខែមិថុនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ប្រើសស្បូវ (Sambar) និងមានឈ្មោះវិទ្យាសាស្ត្រ Cervus unicolor ជាថនិសត្វតិណាសី និងជាប្រភេទកំពុងទទួលរងការគំរាមកំហែង(VU) លើពិភពលោក ក្នុងបញ្ជីក្រហម IUCN មានវត្តមាននៅភាគខាងជើង និរតី និងភូមិភាគឦសាន្តប្រទេស វាអាចរស់នៅគ្រប់ទីជម្រក ទាំងអស់រួមទាំងព្រៃស្រោង ពាក់កណ្ដាលស្រោង និងព្រៃល្បោះដែលមានថ្លុក ត្រពាំង បឹងបួ អូរ ស្ទឹង ទន្លេ និងស៊ីមែកឈើតូចៗ ស្លឹកឈើ វល្លិ៍ ផ្លែឈើ ស្មៅ និងស៊ីដីច្រាបផងដែរ។
វាមានមាឌធំជាងសត្វក្នុងអម្បូររបស់វា ដងខ្លួនមានរោមពណ៌ប្រផេះក្រម៉ៅកន្ទុយខ្លីសំពោងពណ៌ខ្មៅ និងស្លឹកត្រចៀកធំ។ ប្រើសឈ្មោល មានស្នែងប្រវែង ៥០-១០០ស.ម ដែលមានស្នែងព្រែកជាចម្ពាម ម្ខាងៗចំនួនបី ១នៅជាប់គល់ និង២ទៀត នៅខាងចុង។
នៅរដូវបន្តពូជ ប្រើសឈ្មោលតែងជល់គ្នាយកឈ្នះ ដើម្បីគ្រប់គ្រងតំបន់ និងពាក់ញីនៅក្នុង ហ្វូង ហើយសត្វញីកើតកូនម្តង១ បន្ទាប់ពីពពោះ ៨ខែ។ វាចូលចិត្តរស់នៅជាហ្វូងតូចៗតិចជាង ២០ក្បាល និងផ្ញើខ្លួនតាមហ្វូងសត្វព្រៃផ្សេងៗទៀត ដូចជាហ្វូងទន្សោង ខ្ទីង និងដំរី ក៏មានដែរ៕ដោយ៖សហការី
ប្រភព៖ សៀវភៅកម្ពុជាមាតុភូមិខ្ញុំ