ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស ទទួលជួបសម្ដែងការគួរសមជាមួយស្ថាប័ន MERCOSUR ASEAN Chamber of Commerce (MACC) និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC)

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់អោយដឹងថា, នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ លោកបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច បានទទួលជួបសម្ដែងការគួរសមជាមួយស្ថាប័ន MERCOSUR ASEAN Chamber of Commerce (MACC) និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ដែលដឹកនាំដោយ លោក Rodolfo Caffaro Kramer ប្រធានស្ថាប័ន MACC។​​

នៅក្នុងជំនួបសម្តែងការគួរសមនេះ  លោកបណ្ឌិត ញឹម ខេមរា​ បានលើកឡើងពីសក្ដានុពល នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងបណ្តាប្រទេសក្នុងតំបន់អាស៊ាន និង​កិច្ចសហប្រតិបត្តិការទីផ្សាររួមអាមេរិកខាងត្បូង​ (ASEAN-MERCOSUR) និងទំនាក់ទំនងទ្វេភាគីកម្ពុជា-អាហ្សង់ទីន។ ឆ្លៀតក្នុងឱកាសនេះ លោក អ៊ូក​ សោភ័ណ អនុរដ្ឋលេខាធិការ បានអធិប្បាយពីយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច និងសមិទ្ធផលនានា ដែលក្រុមការងារសម្រេចបាននាពេលកន្លងមក ព្រមទាំងបានលើកឡើងពីឱកាសក្នុងការវិនិយោគ ការធ្វើពាណិជ្ជកម្ម​ និងវិស័យទេសចរណ៍នៅកម្ពុជា។ លោកបណ្ឌិត​​ បានថ្លែងអំណរគុណ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) និងស្ថាប័នជាដៃគូ ​លើការសហការជាមួយក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច ដើម្បីលើកស្ទួយកិត្តិនាម និងកិត្យានុភាពកម្ពុជា នៅលើឆាកអន្តរជាតិ ៕

ដោយ ៖ សហការី


ចែករំលែក៖