ព័ត៌មានទាន់ហេតុការណ៍៖

លោក ជួប ប៉ារីស៍ អញ្ជើញបើកវេទិកាជើងឯកយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ : លោក ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាជើងឯកយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២៣  និងមានការអញ្ជើញចូលរួមពីលោក កែន សេរីរដ្ឋា អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន  លោក លោកស្រី មន្រ្ដីរាជការក្រសួងបរិស្ថាន សាស្រ្តាចារ្យ គ្រូបង្រៀន សិស្សានុសិស្ស ដែលមកពីសាលានានា ប្រមាណ៣០០អង្គ/នាក់ នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្នាក់ការ ស.ស.យ.ក. រាជធានីភ្នំពេញ។

មានមតិស្វាគមន៍ លោក កែន សេរីរដ្ឋា មានប្រសាសន៍ថា វេទិកាយុវជនជើងឯកជជែកពិភាក្សាអំពីបរិស្ថាននាពេលនេះ គឺជាសកម្មភាពជាយុទ្ធសាស្រ្តមួយ ដើម្បីឆ្លើយតប ក៏ដូចជាដើម្បីឈានទៅសម្រចឱ្យបាននូវទស្សនវិស័យរបស់អគ្គនាយកដ្ឋាន ដោយមានគោលបំណងសំខាន់ៗចំនួនពីរ គឺ: 

ទី១៖ ផ្តល់ឱកាសដល់យុវជនខ្មែរធ្វើការសិក្សាស្រាវជ្រាវ និងជជែកពិភាក្សាស៊ីជម្រៅអំពីបរិស្ថាន ដោយស្វែងរកទឡ្ហីករណ៍ ឬសូចនាករថ្មីៗគាំទ្រគោលជំហរ ផ្លាស់ប្តូរចំណេះដឹងគ្នាទៅវិញទៅមក ។

និងទី២៖ជំរុញចលនាយុវជនស្រលាញ់បរិស្ថាន ដោយធ្វើការចែករំលែកនូវចំណេះដឹងទាំងនោះទៅកាន់សាធារណជន តាមរយៈការចាក់ផ្សាយតាមប៉ុស្តិ៍ទូរទស្សន៍ វិទ្យុ Facebook Page YouTube និងប្រព័ន្ធបណ្តាញសង្គមផ្សេងៗ។

មានមតិសំណេះណាលទៅកាន់អ្នកចូលរួម ក៏ដូចជាបេក្ខជន-បេក្ខនារី លោក ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការ មានប្រសាសន៍ថា ប្អូនៗយុវជន គឺជាកម្លាំងស្នូលក្នុងការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើនទៅមុខបន្ដទៀត ហើយប្អូនៗនេះហើយដែលនឹងក្លាយជាអ្នកអប់រំ អ្នកគ្រប់គ្រង អ្នកដឹកនាំ និងជាអ្នកកាច់ចង្កូតនាវាកម្ពុជានាថ្ងៃខាងមុខ។ ហេតុនេះក្រសួងបរិស្ថាន បានបង្កើតក្រុមយុវជនវិស័យបរិស្ថាន ដែលនេះជាចេតនាមួយចង់ឱ្យយុវជន មិនត្រឹមតែចេះរឿងសេដ្ឋកិច្ច សង្គមប៉ុណ្ណោះទេ ប៉ុន្តែបរិស្ថានផងដែរ។ ក្រសួងបរិស្ថាន ចង់ឃើញយុវជនខ្មែរទៅថ្ងៃអនាគត ក្លាយជាអ្នកដឹកនាំមួយដែលមានការគិតគ្រប់ជ្រុងជ្រោយ គ្រប់វិស័យ ដោយយកវិស័យបរិស្ថានជាវិស័យអាទិភាព។ ឯកឧត្តមបន្ដថា វេទិកានេះ គឺជាវេទិកាសម្រាប់ប្អូនៗបញ្ចេញសមត្ថភាព ក៏ដូចជាសាកល្បងខ្លួនឯងផងដែរ ហើយការជជែកពិភាក្សារបស់ប្អូនៗ នឹងផ្តល់ធាតុចូលសំខាន់ៗ មានលក្ខណៈវិទ្យាសាស្រ្ត និងអាចទុកចិត្តបានដល់ក្រសួង ដើម្បីឱ្យក្រសួងអាចប្រើប្រាស់បានជាមូលដ្ឋានក្នុងការរៀបចំជាផែនការយុទ្ធសាស្រ្ត ឬមធ្យោបាយដោះស្រាយផ្សេងៗ។

គួរបញ្ជាក់ឱ្យដឹងថា ការប្រកួតប្រជែងនេះ មានបេក្ខជន-បេក្ខនារី ចំនួន២៤រូប ជាមួយនឹង១២ប្រធានបទ។ ក្នុងប្រធានបទនីមួយៗមានបេក្ខជន-បេក្ខនារី ចំនួន២រូប ដើម្បីធ្វើប្រកួតនិយាយ និងបញ្ចេញសមត្ថភាពថ្វីមាត់ដើម្បីជ្រើសរើសទៅវគ្គបន្ដ។ ចុងក្រោយមានបេក្ខជន-បេក្ខនារី ចំនួន៣រូប ដែលត្រូវប្រកួតគ្នាដើម្បីទទួលជ័យលាភីលេខ១ លេខ២ និងលេខ៣៕

ដោយ ៖ សហការី


ចែករំលែក៖