ព័ត៌មានទាន់ហេតុការណ៍៖

ឱសថស្ថាន ចំនួន៥ទីតាំងក្នុងក្រុងកែបត្រូវបានអាជ្ញាធរនឹងសមត្ថកិច្ចជំនាញពាក់ព័ន្ធបន្តចុះពិនិត្យ ដើម្បីបញ្ជាក់គុណភាពថ្នាំ និងបំបាត់ឱសថក្លែងក្លាយ

ចែករំលែក៖

ខេត្តកែប៖ លោក ប៊ុន យោង អភិបាលរងខេត្តកែប បានឲ្យអង្គភាពយើងដឹងនៅព្រឹកថ្ងៃ០៩ ខែមករា ឆ្នាំ២០២៥ នេះថា, ឱសថស្ថាន ចំនួន ៥ ក្នុងភូមិសាស្ត្រក្រុងកែប ត្រូវបានមន្ត្រីជំនាញពាក់ព័ន្ធបន្តចុះត្រួតពិនិត្យគុណភាពថ្នាំ និងបំបាត់ឱសថក្លែងក្លាយ ហើយការចុះពិនិត្យអាជ្ញាធរនឹងសមត្ថកិច្ចជំនាញបានចុះនៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥។ លោកអភិបាលរងខេត្តបានឲ្យដឹងថា ក្នុងការចុះត្រួតពិនិត្យនាលើកនេះ យ៉ាងហោចណាស់ឱសថចំនួន ១៤មុខ ត្រូវបានដកហូត បន្ទាប់ពីរកឃើញមិនមានបញ្ជីការ និងហួសសុពលភាព  ក្នុងនោះអាជ្ញាធរបានឲ្យម្ចាស់ឱសថស្ថាននោះធ្វើកិច្ចសន្យាផងដែរ។ 

លោក ប៊ុន យោង អភិបាលបាលរងខេត្តកែប បានអោយដឹងបន្តទៀតថា ការបន្តចុះត្រួតពិនិត្យនេះ ដើម្បីពង្រឹងគុណភាពសេវាសុខាភិបាល នៅក្នុងមូលដ្ឋានអោយកាន់តែប្រសើរ ក្នុងនោះរដ្ឋបាលខេត្តកែប ក្រោមការដឹកនាំរបស់ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹង ការផ្តល់ឱសថនៅតាមឱសថស្ថានឯកជន និងរដ្ឋ ដោយទប់ស្កាត់នូវការលក់ឱសថក្លែងក្លាយ ឱសថគ្មានបញ្ជីការ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋដែលទិញយកទៅប្រើប្រាស់។ 

លោក លោកអភិបាលរងខេត្ត បានណែនាំដល់ម្ចាស់ឱសថស្ថានទាំង ៥ទីតាំង ត្រូវតែប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈជូនដល់ប្រជាពលរដ្ឋ ព្រមទាំងអនុវត្តអោយបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល និងច្បាប់ដែលបានកំណត់ផងដែរ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖