ព័ត៌មានទាន់ហេតុការណ៍៖

អ្នកលេងកាំបិតផ្គាក់០២នាក់ត្រូវកម្លាំងនគរបាលក្រុងប៉ោយប៉ែតបញ្ជូនទៅស្នងការដ្ឋានខេត្តចាត់ការបន្ត

ចែករំលែក៖

    ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែតបញ្ជូនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីឃាតកម្មធ្វើឱ្យបុរសម្នាក់ស្លាប់ទៅស្នងការដ្ឋានខេត្តដើម្បីបន្តនីតិវិធីនៅព្រឹកថ្ងៃទី១ខែមិថុនាឆ្នាំ២០២៣នេះ។

    នគរបាលប៉ុស្ដិ៍ផ្សារកណ្ដាលប្រាប់ថាៈអនុវត្តតាមបញ្ជារបស់លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតយ៉ាងយកចិត្តទុកដាក់ជនសង្ស័យ០២នាក់ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលក្របួចបានពាក់ព័ន្ធករណីឃាតកម្ម។

    នគរបាលប្រាប់ថា កាលពីវេលាម៉ោង០៥និង១០នាទីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ មានករណីឃាតកម្ម(កាប់) កើតឡើងនៅចំណុចផ្លូវបេតុង មុខស្តង់អេតចាយយាយម៉ៅ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតបណ្តាលឱ្យជនរងគ្រោះម្នាក់ស្លាប់នៅពេលបញ្ជួនទៅមន្ទីរពេទ្យមង្គលបុរី ។  ជនសង្ស័យមានគ្នា០៦នាក់ ជិះម៉ូតូ០២គ្រឿង ដៃកាន់កាំបិតខ្វែវ២ដើម និងកាំបិតបុ័ងតោ០១ បានធ្វើសកម្មភាពដេញកាប់ជនរងគ្រោះ នៅពេលជនរងគ្រោះចេញពីធ្វើការ ។ក្រោយពេលនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាលបានទទួលបណ្តឹងហើយ បានចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត រហូតកំណត់មុខសញ្ញាបាន នៅថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ២០២៣កម្លាំងប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាលបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់  រស់នៅភូមិអូរឫស្សី សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

    នគរបាលបញ្ជាក់ថា  បន្ទាប់ពីសួរនាំជនសង្ស័យទាំង០២នាក់បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះបណ្តាលឱ្យបាត់បង់ជីវិតនៅពេលបញ្ជួនទៅមន្ទីរពេទ្យមង្គលបុរី ពិតប្រាកដមែន ។

    សូមបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុនកម្លាំងជំនាញព្រហ្មទណ្ធក្រុងប៉ោយប៉ែត បានឃាត់ខ្លួនបក្ខពួកចំនួន០៦នាក់ ហើយបានកសាងសំណុំរឿងបញ្ជួនទៅតុលាការតាមនីតិវិធីច្បាប់ ។

   លោករវសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែតមានប្រសាសន៏ថា ជនសង្ស័យទាំងពីរនាក់ត្រូវបានកម្លាំងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីបន្តនីតិវិធីហើយ៕

ដោយ ៖ វណ្ណា


ចែករំលែក៖