ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូបុកម៉ូតូ បណ្តាលឱ្យមនុស្សស្លាប់ទាំងសងខាង នៅស្រុកបាកាន

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់៖ បុរសម្នាក់ស្លាប់នៅកន្លែងកើត ខណៈ​បុរសម្នាក់ទៀតស្លាប់ពេល​មិត្តភក្តិដឹកយកទៅ​សង្គ្រោះ​នៅ​មណ្ឌលសុខភាព​ បន្សល់ទុកតែម៉ូតូ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនឹងម៉ូតូបើកបរក្នុងទិសដៅច្រាសគ្នា នៅលេីកំណាត់ផ្លូវជាតិលេខ០៥ ចន្លោះគីឡូម៉ែត្រលេខ​២០៥-២០៦ ស្ថិតនៅភូមិព្រៃស្វាយ​ ឃុំបឹងខ្នារ​ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង​ ១០និង៣០នាទី​យប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣​ ។

លោកវរសេនីយ៍ទោ ប្រាក់ យូស័រ អធិការរង នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានឱ្យដឹងនៅថ្ងៃ​សៅរ៍​ទី​០៣​ ខែមិថុនា​ ឆ្នាំ​២០២៣នេះថា៖​ ដោយទទួលព័ត៌មានពីប្រជាពលរដ្ឋ ថាមានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូម៉ាកវេវអាល់ហ្វា ពណ៍ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ 1L-3257 ធ្វើដំណើរក្នុងទិសដៅ ពីលិចទៅកេីត បើកបរដោយឈ្មោះ​ ឆឹង​ នួន​ ភេទប្រុស​ អាយុ​៣៤​ឆ្នាំ​ រស់នៅភូមិដេីមច្រេស​ ឃុំបឹងខ្នារ​ ស្រុកបាកាន (ស្លាប់នៅកន្លែងកេីតហេតុ) មកដល់ចំណុចកេីតហេតុខាងលេីបានបុកជាមួយម៉ូតូ មួយគ្រឿងទៀតម៉ាកឃ្លីក ពណ៍ស លាយខៀវ ពាក់ស្លាកលេខបាត់ដំបង 1N-5379​ បេីកបរពីកេីតទៅលិច ដោយពុំស្គាល់អត្តសញ្ញាណ​រងរបួសធ្ងន់ ត្រូវបានមិត្តភ័ក្តដឹកទៅមណ្ឌលសុខភាព​ ដេីម្បីជួយសង្គ្រោះ។ 

លោកអធិការរង បានបន្តថា ក្រោយសមត្ថកិច្ចធ្វើការស៊ើបសួរគ្រូពេទ្យអំពីបុរសរងគ្រោះ​ លោកគ្រូពេទ្យបានបញ្ជាក់ថា ជនរងគ្រោះដែលមានមិត្តភក្តិជូនមកមណ្ឌលសុខភាព បានស្លាប់ពេលបញ្ជូនមកមណ្ឌលសុខភាព។ ក្រោយឮដូចនេះមិត្តភក្តិរបស់ជនរងគ្រោះ បានលើកសាកសពដាក់ម៉ូតូដឹកទៅទិសខាងលិចបាត់ទៅ ដោយពុំបានកត់ត្រាអំពីអត្តសញ្ញាណទាន់នោះទេ ។ 

សូមជម្រាបថា​ ចំពោះសពឈ្មោះ​ ឆឹង​ នួន​ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វេីបុណ្យតាមប្រពៃណី រីឯវត្ថុតាងម៉ូតូទាំង០២គ្រឿង ត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារជាបណ្តោះអាសន្ន៕

ដោយ​៖ សហការី​


ចែករំលែក៖