ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង អំពាវនាវឱ្យប្រជាពលរដ្ឋរៀបចំផែនការគ្រួសារឱ្យបានល្អ មុននឹងយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទៅបញ្ចាំនៅធនាគារ បើពុំដូច្នេះទេបងប្អូននឹងជួបបញ្ហាធ្ងន់ធ្ងរជាមួយបំណុលធនាគារ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអំពាវនាវឱ្យប្រជាពល រដ្ឋរៀបចំផែនការគ្រួសារឱ្យបានច្បាស់លាស់ ពោលគឺត្រូវគិតពិចារណាឱ្យបានល្អិតល្អន់មុននឹងយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទៅបញ្ចាំនៅធនាគារ ។ បើមិនដូច្នេះទេបងប្អូននឹងជួបបញ្ហាធ្ងន់ធ្ងរក្នុងជីវភាពរស់នៅជាមួយនឹងបំណុលធនាគារ។

លោកឃួង ស្រេង បានអំពាវនាវបែបនេះ  ខណៈដែលលោកបានអញ្ជើញជាអធិបតីក្នុងពីធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋរស់នៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅជាង ១០០០បណ្ណ  នៅរសៀលថ្ងៃទី៦ មិថុនា ២០២៣ ក្នុងបរិវេណសាលាសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។

លោក ឃួង ស្រេង បានមានប្រសាសន៍ លើកឡើងថា៖ ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋនៅនាពេលនេះ គឺជាសមិទ្ឋផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំនិងជា អគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមរបស់យើង សំដៅផ្តល់កម្មសិទ្ឋិស្របច្បាប់ជូនប្រជាពលរដ្ឋ និងកាត់បាននូវភាពក្រីក្ររបស់ពួកគាត់។

លោកឃួង ស្រេង បានមានប្រសាសន៍ថា៖ បងប្អូនប្រជាពលរដ្ឋយើងមុននឹងយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទៅបញ្ចាំនៅធនាគារ ត្រូវគិតពិចារណាអោយបានល្អិតល្អន់ កុំអោយមានបញ្ហាពាក់ព័ន្ធបំណុលធនាគារ។ បំណុលធនាគារយកលុយមកចាយវាយមិនត្រឹមត្រូវ វានាំអោយមានបញ្ហាធ្ងន់ធ្ងរក្នុងជីវភាពរស់នៅ ជាមួយនឹងបំណុលនេះ។ សម្រាប់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺចង់អោយប្រជាពលរដ្ឋកម្ពុជាទាំងអស់រីកចម្រើនក្នុងមុខរបរក្រោមម្លប់សន្តិភាព ពិសេសសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ដោយប្រែក្លាយកម្ពុជា មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០ខាងមុខ។

លោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បានមានប្រសាសន៍លើកឡើងថា៖ ពាក់ព័ន្ធនឹងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ សម្រាប់ខណ្ឌព្រែកព្នៅដែលមាន០៥សង្កាត់ មាន០២សង្កាត់បានចុះបញ្ជីដីធ្លីនិងចែកបណ្ណរួចហើយ គឺសង្កាត់ព្រែកព្នៅនិងសង្កាត់គោករកា ។ សង្កាត់ពន្សាំង ជាសង្កាត់ទី០៣ដែលកំពុងដំណើរការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ឋ ក្នុងចំណោម ២៤ភូមិ បានចែកបណ្ណ រួចហើយចំនួន ១១ភូមិ រួមទាំងភូមិចំបក់ធំ និងភូមិកន្លែងគល់ ដែលកំពុងប្រារព្ធពិធីនៅពេលនេះ ចំណែក ១៣ភូមិទៀតកំពុងដំណើរការនីតិវិធីចុះបញ្ជី ឈានទៅចែកបណ្ណកម្មសិទ្ឋិក្នុងពេលឆាប់ៗនេះ។ រីឯ ០២សង្កាត់ទៀត គឺសង្កាត់ពញាពន់ និងសង្កាត់សំរោង ក៏ស្ថិតក្នុងផែនការចុះបញ្ជីក្នុងឆ្នាំ២០២៣នេះដែរ។

លោក សារិន វណ្ណ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងដែរថា៖ រាជធានីភ្នំពេញត្រូវបានជ្រើសរើសជាក្រុងអាទិភាពក្នុងការចុះបញ្ជីជាលក្ខណៈប្រព័ន្ធ ក្នុងចំណោមខេត្ត- ក្រុងទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា។ គម្រោងរៀបចំដែនដី និងរដ្ឋបាលដីធ្លីរាជធានីភ្នំពេញ បានចាប់ផ្ដើមនៅខែតុលា ឆ្នាំ២០០៣ រហូតមកទល់បច្ចុប្បន្នគម្រោងចុះបញ្ជីដីធ្លីបាន ៨៨ សង្កាត់ ក្នុងចំណោម១០៥ សង្កាត់ ក្នុងរាជធានីភ្នំពេញ ។ គម្រោង ប្រមូលទិន្នន័យសរុបបាន ៣៧៧ ២៤៦ ក្បាលដី និងចេញបណ្ណជូនប្រជាពលរដ្ឋបាន ២៥៦ ១៥៣ បណ្ណ។ និយាយដោយឡែកនៅក្នុងខណ្ឌព្រែកព្នៅ គម្រោងបានចេញបណ្ណជូនប្រជាពលរដ្ឋរួចបាន ២ សង្កាត់ គឺសង្កាត់ ព្រែកព្នៅ និងសង្កាត់គោករកា មានចំនួន ២៣ភូមិ ចេញបណ្ណសរុបបានចំនួន ៧១០៦បណ្ណ និងនៅក្នុងសង្កាត់ពន្សាំងចេញបណ្ណបាន១១ភូមិ មានចំនួន ៦៣៤៨បណ្ណ ។ នៅក្នុងនេះ ក្រោយពីបានធ្វើការបណ្តុះបណ្តាលការបោះពុម្ពបណ្ណកម្មសិទ្ធិមកដល់ថ្ងៃនេះកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីរាជធានីភ្នំពេញសម្រេចបានការផ្តល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិចំបក់ធំ និងភូមិកន្លែងគល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចំនួន ១១៣៦បណ្ណ៕

ដោយ ៖ សំរិត


ចែករំលែក៖