ប្រេស៊ីលនៅតែមានចេតនាក្នុងការធ្វើឱ្យលោក Carlo Ancelottiក្លាយជាគ្រូបង្វឹកថ្មីរបស់ខ្លួន និងប្រធានសហព័ន្ធបាល់ទាត់ប្រទេសនេះ(CBF) លោក Ednaldo Rodrigues បាននិយាយថា គាត់នឹងប្រើការប្រកួតមិត្តភាពរបស់ក្រុមជម្រើសជាតិនៅអឺរ៉ុបដើម្បីនិយាយជាមួយគ្រូបង្វឹកក្រុម Real Madrid ។
លោក Rodrigues បានបន្តថា គាត់ក៏នឹងទៅជួបប្រធានក្លិបអេស្ប៉ាញលោក Florentino Perez ហើយបានពណ៌នាថា លោក Ancelotti ជាជម្រើសដំបូងរបស់ពួកគេដើម្បីជំនួសលោក Tite ដែលបានចាកចេញពីក្រុមប្រេស៊ីលបន្ទាប់ពីប្រេសុីលបរាជ័យក្នុងវគ្គ១/៤ចុងក្រោយនៅ World Cup ក្នុងប្រទេសកាតាកាលពីខែវិច្ឆិកា។
លោក Rodrigues បាននិយាយកាលពីថ្ងៃអង្គារក្នុងព្រឹត្តិការណ៍សារព័ត៌មាននៅទីស្នាក់ការកណ្តាល CBF ក្នុងទីក្រុង Rio de Janeiro ថា “គាត់នៅតែជាផែនការ A ហើយនៅក្នុងការធ្វើដំណើរនេះជាមួយនឹងការជ្រើសរើសនៅអឺរ៉ុប យើងអាចមានភាពច្បាស់លាស់ជាងមុន”។ ប្រេស៊ីលនឹងប្រកួតជាមួយហ្គីណេនៅអេស្ប៉ាញនៅថ្ងៃទី១៧ ខែមិថុនា និងប៉ះសេណេហ្គាល់នៅទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់នៅថ្ងៃទី២០មិថុនាខាងមុខ។
លោក Rodrigues បានបន្ថែមថា “ដំណើរប្រកួតនឹងមានសារៈសំខាន់សម្រាប់ពួកយើង (ដើម្បីសម្រេចចិត្តគ្រូបង្វឹកនាពេលអនាគត)។ ខ្ញុំមានបំណងនិយាយទៅកាន់លោក Ancelotti និងប្រធានក្លិប Real Madrid។ មានតែបន្ទាប់ពីនោះវានឹងអាចនិយាយបានថា តើវានឹងកើតឡើងឬអត់” ។
គ្រូបង្វឹកសញ្ជាតិអ៊ីតាលីមានកុងត្រាជាមួយក្លិប Real Madrid ដល់ឆ្នាំ២០២៤ ជាមួយនឹងការពិន័យព្យួរនៅក្នុងកិច្ចព្រមព្រៀង។ យោងតាមលោក Rodrigues នេះមិនគួររារាំងកិច្ចព្រមព្រៀងដែលអាចកើតមានជាមួយប្រេស៊ីលនោះទេ។
លោក Rodrigues បញ្ជាក់ថា “បញ្ហាប្រាកដណាស់មិនមែនជាការផាកពិន័យទេ បញ្ហាគឺកិច្ចសន្យា ហើយគ្មានអ្នកណាចង់បំបែកវាទេ។ យើងត្រូវបានវិនិយោគលើគំនិតនេះ ហើយយើងកំពុងធ្វើអ្វីគ្រប់យ៉ាងក្នុងអំណាចរបស់យើងដើម្បីធ្វើឱ្យវាដំណើរការ និងក្លាយជាការពិត”។
កាលពីខែមុនលោក Ancelotti បានច្រានចោលចំណាប់អារម្មណ៍របស់ប្រេស៊ីល ដោយនិយាយថា គាត់នឹងគោរពដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់ជាមួយក្លិប Real Madrid ។
គួរបញ្ជាក់ថា ក្រុមជម្រើសជាតិប្រេស៊ីលគ្មានគ្រូបង្វឹកចាប់តាំងពីការធ្លាក់ចេញពីព្រឹត្តិការណ៍ World Cup ហើយបានចាញ់ការប្រកួតមិត្តភាពលើកដំបូងរបស់ខ្លួនក្នុងលទ្ធផល ២–១ ក្រោមថ្វីជើងក្រុមម៉ារ៉ុក កាលពីខែមីនា ដែលដឹកនាំដោយគ្រូបង្វឹក U-20 លោក Ramon Menezesដែលនឹងត្រឡប់មកវិញសម្រាប់ការប្រកួតមិត្តភាពក្នុងការប្រកួតនៅលើទឹកដីអឺរ៉ុបក្នុងខែនេះ ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច