សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣ បានផ្សាយថា នៅថ្ងៃសុក្រនេះទីក្រុងប៉េកាំងបានប្រកាសឱ្យដឹងថា ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាមូដ អាប់បាស់ (Mahmud Abbas) នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋមកកាន់ប្រទេសចិននៅសប្តាហ៍ក្រោយនេះ បន្ទាប់ពីចិនបាននិយាយថា ខ្លួនត្រៀមលក្ខណៈរួចរាល់ជានិច្ចដើម្បីជួយសម្របសម្រួលកិច្ចចរចាសន្តិភាព រវាងប៉ាឡេស្ទីននឹងអ៉ីស្រាអែល។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហ័រ ឈុនយីង (Hua Chunying) បានលើកឡើងយ៉ាងដូច្នេះថា «តបតាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៉ី
ជីនពីង ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាមូដ អាប់បាស់ នឹងមកធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមិថុនា»។ រដ្ឋមន្រ្តីការបរទេសចិន លោក ឈិន ហ្កាង (Qin Gang) កាលពីខែមេសាកន្លងទៅបានប្រាប់សមភាគីអ៉ីស្រាអែលនិងប៉ាឡេស្ទីនរបស់លោកថា ប្រទេសចិនស្ម័គ្រចិត្តផ្តល់ការជួយជ្រោមជ្រែងដល់ ដំណើរការចរចាសន្តិភាពរវាងភាគីទាំងពីរ ដែលបានបន្តជាប់គាំងតាំងតែពីឆ្នាំ២០១៤ រហូតមក។
មួយរយៈចុងក្រោយនេះ ចិនបាននិងកំពុងស្ថិតក្នុងការធ្វើយុទ្ធនាការការទូតយ៉ាងសស្រាក់សស្រាំ ដោយទើបតែជួយសម្រេចបាននូវការផ្សះផ្សាទំនាក់ទំនងឡើងវិញកាលពីខែមីនារវាងប្រទេសអ៉ីរ៉ង់នឹងអារ៉ាប៊ីសាអូ៊ឌីត។ វាជាការបញ្ចប់ជម្លោះការទូតនឹងគ្នាចាប់តាំងពីឆ្នាំ២០១៦មក រវាងទីក្រុងតេហេរ៉ង់នឹងទីក្រុងរីយ៉ាដ ហើយក៏ជាសញ្ញាមួយផងដែរ បង្ហាញពីការកើនឡើងឥទ្ធិពលចិននៅមជ្ឈិមបូព៌ា ជាតំបន់ដែលធ្លាប់តែស្ថិតនៅក្រោមឥទ្ធិពល របស់សហរដ្ឋអាមេរិកជាចម្បងអស់រយៈពេលរាប់ទសវត្សរ៍មកហើយ៕ ដោយ៖ ធីរីណា
រូបថត ៖ Manila Times