ភ្នំពេញ ៖ ជាទូទៅនៅពេលស្ត្រីជាម្តាយមានក្រុមឈាមដក (-) ហើយទារកមានក្រុមឈាមបូក (+), ប្រព័ន្ធភាពស៊ាំ ម្តាយអាចបង្កើត អង់ទីករ ប្រឆាំងនឹងកោសិការបស់ទារក ប្រសិនបើទារកដែលកំពុងពរពោះនេះមិនមែន ជាការពរពោះកូនទីមួយ។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ។
១) កត្តាប្រឈម៖ ស្ត្រីណាខ្លះអាចមានបញ្ហានេះ?
នៅពេលចាប់ផ្តើមមានផ្ទៃពោះ ក្រុមឈាម Rhésus (រេស៊ីស) ត្រូវតែដឹង។ incompatibilité rhésus កើតមានលើស្ត្រី ដែលមានក្រុមឈាម rhésus ដក ( A-,B-,AB-, O-) ហើយទារកក្នុងផ្ទៃមានក្រុមឈាម rhésus បូក (A+, B+, AB+, O+)!
២) ម្តាយ Rhésus (-) ហើយ ទារក rhésus (+): គន្លឹះងាយយល់៖
គ្រាប់ឈាមក្រហមនៃទារកដែលមាន rhésus (+) នៅលើសំបកមាន antigène D, រីឯម្តាយដែលមានក្រុមឈាម rhésus (-) គឺមិនមាន antigène D នោះទេ។ ធម្មតាក្រោយពេលសំរាលកូន (delivery), ឬរលូតកូន (miscarriage), ឬរំលូតកូន (abortion), ឬកូនក្រៅស្បូន (ectopic pregnancy), កោសិកាទារកអាចឆ្លងចូលទៅក្នុងចរន្តឈាមម្តាយ ហើយខ្លួនម្តាយ ក៏ចាប់បង្កើតអង់ទីករហៅថា (agglutinines irrégulières)។ នៅពេលពរពោះលើកក្រោយ អង់ទីករនេះនឹងប្រឆាំងនឹង កោសិកាទារកដែលមាន antigène D ដែលខ្លួនម្តាយគិតថាជារបស់ចំលែក។ ទារកប្រឈមនឹងការខូចខាតគ្រាប់ឈាមក្រហម (anémie hémolytique ) ដែលធ្វើអោយចុះខ្សោយហើយ អាចស្លាប់ក្នុងពោះ។
៣) ម្តាយRhésus (-) ហើយ ទារក rhésus (+): ប្រការគួរយល់ដឹង៖
⁃ នៅពេលផ្ទៃពោះកូនទីមួយ ពុំមានកគ្រោះថ្នាក់ចំពោះទារកក្នុងផ្ទៃទេ ព្រោះឈាមម្តាយនិងឈាមកូន ត្រូវខណ្ឌ័ចែកដោយឡែកពីគ្នាដោយសាសុក។
⁃ គ្រោះថ្នាក់គឺកើតលើផ្ទៃពោះកូនបន្តបន្ទាប់
⁃ ធម្មតាពេលសម្រាលកូន (delivery), រលូតកូន (miscarriage), រំលូតកូន (abortion), កូនក្រៅស្បូន (ectopic pregnancy), កោសិកាទារកអាចឆ្លងចូលទៅក្នុងចរន្តឈាមម្តាយ ហើយខ្លួនម្តាយក៏ចាប់បង្កើតអង់ទីករហៅថា (agglutinines irrégulières) ប្រឆាំងនឹង កោសិកាទារកដែលមាន antigène D ហើយដែលខ្លួនម្តាយគិតថាជារបស់ចំលែក។
⁃ នៅពេលពរពោះផ្ទៃពោះបន្ទាប់ បើទារកនៅតែ rhésus(+), anticorps របស់ម្តាយអាចឆ្លងកាត់សុកចូលទៅឈាម កូនហើយវាយបំផ្លាញគ្រាប់ឈាមក្រហមកូន (hemolytic) ដែលធ្វើអោយទារកអាចស្លាប់ក្នុងពោះដោយសារការ ខូចខាតគ្រាប់ឈាមក្រហម។
៤) ផលវិបាក
ស្ត្រីប្រឈមនឹងការរលូតកូនឬកូនស្លាប់ក្នងពោះ។
៥) ការការពារឬបង្ការ៖
⁃ ការស្វែងរក agglutines irrégulières ពេលចាប់ផ្តើមមានផ្ទៃពោះ
⁃ ការតាមដានស្ត្រីដែលប្រឈម ដោយការពិនិត្យឈាម និងតាមដានអេកូទារកក្នុងផ្ទៃ
⁃ ការចាក់ថ្នាំ Immunoglobulines anti-D ក្រោយពេលសម្រាលកូនម្តងៗ ក្រោយពេលរំលូតកូន ឬរលូតកូន ដើម្បី neutraliser គ្រាប់ឈាមក្រហមដែល rhésus (+) ក្នុងបំណង ចៀសវាងការផលិតអង់ទីករ agglutinines irrégulières ដើម្បីការពារទារកពេលផ្ទៃពោះបន្ទាប់។
⁃ ការចាក់បង្ការពេលកំពុងពរពោះអាចធ្វើបានចំពោះស្ត្រីនៅ ត្រីមាសទី៣នៃគ៍ភ។
“សូមមកពិភាក្សា និងពិគ្រោះយោបល់ជាមួយក្រុមគ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរកការការពារ និងការព្យាបាលឲ្យទាន់ពេលវេលា និងមានប្រសិទ្ធិភាព ជៀសវាងបង្កឲ្យផលប៉ះពាល់ដល់ម្តាយ និងទារក”៕
ដោយ ៖ សហការី