ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះភ្នំភ្លើងនៅឥណ្ឌូនេស៊ី ជះកម្ទេចផេះនិងផ្សែងឡើងលើអាកាសកម្ពស់៣គីឡូម៉ែត្រ

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣បានផ្សាយថា ភ្នំភ្លើង អាណាក ក្រាកាទូ (Anak Krakatau) នៃប្រទេសឥណ្ឌូនេស៉ី បានផ្ទុះចំនួន២លើកក្នុងចន្លោះពេលត្រឹមតែ១ម៉ោងប៉ុណ្ណោះ នាថ្ងៃសុក្រនេះ ដោយវាបានបញ្ចេញផេះផង់និងផ្សែងឡើងទៅដល់កម្ពស់៣,០០០ម៉ែត្រលើផ្ទៃអាកាស។
ក្នុងថ្ងៃសុក្រនេះ ភ្នំភ្លើងខាងលើបានផ្ទុះមួយលើកដំបូង កាលពីវេលាម៉ោង៧និង៤៦នាទីព្រឹក និងមួយលើកទៀតនៅរយៈពេល៦២នាទីក្រោយមក។ ដោយមានកម្ពស់ត្រឹម១៥៧ម៉ែត្រ ភ្នំភ្លើង Anak Krakatau ស្ថិតនៅច្រកសមុទ្រស៊ុនដា (Sunda Strait) រវាងកោះជ្វានឹងកោះស៊ូម៉ាត្រានៃប្រទេសឥណ្ឌូនេស៉ី។ ក្នុងឆ្នាំ២០២៣នេះ វាបានផ្ទុះឡើងសរុបជាង១០លើកហើយ គិតចាប់តាំងពីខែមីនាមក ខណៈកន្លែងដែលមានមនុស្សរស់នៅកៀកនឹងភ្នំភ្លើងនេះបំផុត គឺចម្ងាយ១៦.៥គីឡូម៉ែត្រ។
អាជ្ញាធរបានចេញការប្រកាសអាសន្នកម្រិតខ្ពស់បំផុតទី២ សម្រាប់ភ្នំភ្លើង Anak Krakatau។ ស្របពេលមិនមានការតម្រូវឱ្យជម្លៀសមនុស្សក៏ដោយក្តី ក៏ប្រជាជនក្នុងតំបន់និងភ្ញៀវទេសចរ ត្រូវបានណែនាំកុំឱ្យធ្វើដំណើរទៅក្បែរភ្នំភ្លើងឱ្យសោះ។ គិតត្រឹមថ្ងៃសុក្រនេះ ភ្នំភ្លើងសរុបចំនួន៤ របស់ឥណ្ឌូនេស៉ី ត្រូវបានដាក់ឱ្យស្ថិតក្រោមការប្រកាសអាសន្នកម្រិតខ្ពស់បំផុតទី២ រួមមាន Anak Krakatau ផ្ទាល់ ហើយនិងភ្នំភ្លើង Merapi នៅខេត្តជ្វាកណ្តាល, Semeru នៅខេត្តជ្វាខាងកើត និង ការ៉ានហ្គេតាង (Karangetang) នៅខេត្តស៊ូឡាវេស៉ីខាងជើង។
បន្ទុះមួយកាលពីខែធ្នូ ឆ្នាំ២០១៨ របស់ភ្នំភ្លើង Anak Krakatau បានបង្កឱ្យជារលកស៊ូណាមិ វាយប្រហារលើខេត្តជ្វាខាងលិច និងខេត្តឡាពូងរបស់ប្រទេសឥណ្ឌូនេស៉ី ដែលបានផ្តាច់ជីវិតមនុស្សយ៉ាងហោចណាស់ក៏៤៣០នាក់ដែរ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ TTXVN


ចែករំលែក៖