នាយករដ្ឋមន្ត្រីកាណាដាបាននិយាយថា ប្រទេសកាណាដានឹងប្រគល់យន្តហោះដឹកទំនិញមួយគ្រឿងដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីដែលកាណាដាបានរឹបអូសនៅឆ្នាំ 2022 អោយទៅអ៊ុយក្រែន។
កាលពីថ្ងៃទី១០ ខែមិថុនា នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau និងឧបនាយករដ្ឋមន្ត្រី Chrystia Freeland បានធ្វើទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ទីក្រុងKiev។
ថ្លែងក្នុងដំណើរទស្សនកិច្ចនេះ លោក Trudeau បាននិយាយថា ប្រទេសកាណាដាបានរឹបអូសយន្តហោះដឹកទំនិញ Antonov-124 ដែលបានចុះបញ្ជីក្នុងប្រទេសរុស្ស៊ី ហើយនឹងប្រគល់ទៅឱ្យទីក្រុង Kiev ក្រោមហេតុផលថា ទីក្រុងមូស្គូមិនអាចប្រើប្រាស់យន្តហោះនេះដើម្បីគាំទ្រប្រតិបត្តិការយោធានៅអ៊ុយក្រែនបានទេ។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោក Trudeau បានប្រកាសកញ្ចប់ជំនួយយោធាថ្មីដែលមានតម្លៃ ៣៧៥ លានដុល្លារដល់អ៊ុយក្រែន។ លើសពីនេះ លោក Trudeau ក៏បានប្រកាសដាក់ទណ្ឌកម្មលើបុគ្គលចំនួន ២៤រូប និងអង្គភាពចំនួន ១៧ ដែលចោទប្រកាន់ថាបានគាំទ្រយុទ្ធនាការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន។
យោងតាមទីភ្នាក់ងារសារព័ត៌មាន RT រដ្ឋាភិបាលកាណាដាបានជួលយន្តហោះដឹកទំនិញ Antonov-124 ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី Volga-Dnepr ដើម្បីដឹកជញ្ជូនឧបករណ៍ធ្វើតេស្ត Covid-19 ពីប្រទេសចិនទៅកាន់ប្រទេសកាណាដាក្នុងឆ្នាំ 2022 ។
យន្តហោះបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Toronto Pearson នៅថ្ងៃទី 27 ខែកុម្ភៈ ប៉ុន្មានម៉ោងមុនពេលប្រទេសកាណាដាបានប្រកាសថាខ្លួនកំពុងបិទដែនអាកាសរបស់ខ្លួនចំពោះយន្តហោះរុស្ស៊ីទាំងអស់។ ចាប់តាំងពីពេលនោះមក Antonov-124 នៅតែចតនៅព្រលានយន្តហោះក្នុងទីក្រុង Toronto ដដែល៕
ដោយ៖ ធីរីណា(រូបថត៖ AP)