ខេត្តកណ្ដាល៖ រថយន្តសណ្ដោងរ៉ឺម៉កមួយគ្រឿងបើកក្នុងស្ថានភាពស្រវឹង ដោយល្បឿនលឿនមិនប្រយ័ត្នបណ្ដាលឱ្យបុកម៉ូតូមួយគ្រឿងនៅខាងមុខធ្វើឱ្យស្ត្រីម្នាក់ជាប្រពន្ធស្លាប់ រីឯកូននិងប្ដីរងរបួសធ្ងន់-ស្រាល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ លើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៣៥-៣៦ ភូមិជីម៉ៅ ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
មន្ត្រីនគរបាលចរាចរណ៍ស្រុកកណ្ដាលស្ទឹងបានឱ្យដឹងថា រថយន្តបង្កហេតុម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទសណ្ដោងរ៉ឺម៉ក ក្បាលរថយន្តពណ៌បៃតង ពាក់ផ្លាកលេខ ភ្នំពេញ 3A-6791 សឺម៉ីរ៉ឺម៉កពោង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 4A-1920 បើកបរដោយឈ្មោះ អន ផល្លា ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិតាទក ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។ ចំណែកជនរងគ្រោះឈ្នោះ សុធា ចាន់លី ភេទស្រី អាយុ២៥ឆ្នាំ(ត្រូវជាប្រពន្ធស្លាប់នៅកន្លែងកើតហេតុ) ជាអ្នកធ្វើដំណើរដោយម៉ូតូម៉ាកហុងដាស្គូពី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ១HR-5567 បើកបរដោយឈ្មោះ ខុន សាក់យ៉ាម ភេទប្រុស អាយុ២៧ឆ្នាំ(ត្រូវជាប្តី របួសស្រាល) និងកូនម្នាក់ទៀតរបួសធ្ងន់។
ប្រភពដដែលបន្តថា នៅថ្ងៃកើតហេតុគេបានឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទសណ្ដោងរ៉ឺម៉ក ក្បាលរថយន្តពណ៌បៃតង ពាក់ផ្លាកលេខ ភ្នំពេញ 3A-6791 សឺម៉ីរ៉ឺម៉កពោងពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 4A-1920 បើកបរដោយឈ្មោះ អន ផល្លា ភេទប្រុសអាយុ៤៤ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិតាទក ឃុំពួក ស្រុកពួក ខេត្តសៀមរាប បើកបរក្នុងទិសដៅពីជើងទៅត្បូង(ភ្នំពេញ-តាកែវ) ពេលមកដល់ចំណុចកើតហេតុខាងលើបានបុកម៉ូតូ ១គ្រឿងម៉ាកហុងដាស្កូពី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ១HR-5567 បើកបរដោយឈ្មោះ ខុន សាក់យ៉ាម ភេទប្រុសអាយុ២៧ឆ្នាំ (របួសស្រាល) មានអ្នករួមដំណើរ ២នាក់ត្រូវជាប្រពន្ធនិងកូន ប្រពន្ធឈ្នោះ សុធា ចាន់លី អាយុ២៥ឆ្នាំ(ស្លាប់កន្លែងកើតហេតុ)កូនប្រុស(មិនស្គាល់ឈ្នោះ)របួសធ្ងន់ បើកបរក្នុងទិសដៅស្របទិសគ្នា(ពីជើងទៅត្បូង) និងបន្តទៅបុកម៉ូតូ១គ្រឿងទៀតម៉ាកហុងដាឌ្រីមសេ ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GQ-0062 បើកបរដោយឈ្មោះ ប៊ូ សុផាន់ណា ភេទប្រុស អាយុ៣០ឆ្នាំ(របួសស្រាល)មានអ្នករួមដំណើរ ១នាក់ឈ្មោះ សយ សារុន ភេទស្រី អាយុ ២៩ឆ្នាំ(គ្មានរបួស)ត្រូវជាប្រពន្ធ អ្នកទាំងពីរមានទីលំនៅបច្ចុប្បន្នភូមិ សេរីភត្ត័ ឃុំ ពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កំពុងឈប់ចតនៅលើចិញ្ចើមផ្លូវ។
សពត្រូវបានប្រគល់ជូនសាច់ញាតិបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី។ អ្នកបើកបររថយន្តត្រូវបានឃាត់ខ្លួន។
តាមការសន្និដ្ឋាន កណីនេះបង្កឡើងដោយអ្នកបើកបររថយន្តបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន និងបើកបរក្នុងស្ថានភាពស្រវឹងក្នុងកម្រិតជាតិអាល់កុល ០,៤១០mg/l៕
ដោយ៖ ស្អាងជ័យ